ភ្នំពេញៈ បើមិនមានការប្រែប្រួលទេ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកសម្ពោធដាក់ឲ្យប្រើប្រាស់សួនច្បារព្រះសត្យមុនីចេតិយជាផ្លូវការណ៍ហើយ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីរដ្ឋបាលសាលារាជធានីភ្នំពេញ ដែលបានឲ្យដឹងកាលពីព្រឹកថ្ងៃទី២៧ មិថុនានេះ។
សួនច្បារព្រះសត្យមុនីចេតិយ ដែលមានទីតាំងនៅមុខស្ថានីយ៍រថភ្លើង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបានក្រុមការងាររុះរើរបងការដ្ឋានចេញអស់កាលពីល្ងាចថ្ងៃទី២៥ មិថុនា ដើម្បីត្រៀមធ្វើពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់នៅដើមខែកក្កដានេះ។
សួនច្បារព្រះសត្យមុនីចេតិយមកដល់ពេលនេះការស្ថាបនាកែលម្អបានបញ្ចប់ជាស្ថារពហើយ ដោយបានដាំដើម ផ្ការំដួលចំនួន២០ដើម នៅជុំវិញបរិវេណសួនច្បារ និងបានដាំដើមជ្រៃ ដើមតែ និងផ្កាកូឡាបក្រហមផងដែរ។
គួររំឮកថា ក្នុងដំណើរចុះពិនិត្យមើលការដ្ឋានកែលម្អ សួនច្បារព្រះសត្យមុនីចេតិយនេះកន្លងមក លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញធ្លាប់បានឲ្យដឹងថា គម្រោងនេះ និងកែលម្អជាសួនច្បារដាំស្មៅផ្កា ដាំដើមរំដួលជុំវិញ ដាំដើមពោធិ ផ្ទៃកម្រាលថ្មើរជើង និងទីធ្លារៀបថ្មបន្ទះក្រានីត។ ស្ថាបនាអាងបាញ់ទឹកព័ទ្ឋជុំវិញចេតិយ ដោយបំពាក់ភ្លើង LED បាញ់ពីក្នុងទឹក ស្ថាបនាបង់អង្គុយវែងជារង្វង់ជុំវិញអាងទឹក និងបំពាក់ភ្លើងបំភ្លឺសួនច្បារផងដែរ។
ក្រៅពីការកែលម្អសួនព្រះសក្យមុនីចេតិយ ក៏មានការរៀបចំទីតាំងសណ្តាប់ធ្នាប់នៅជុំវិញទីតាំងនេះផងដែរ ដើម្បីឲ្យមានលក្ខណៈប្រសើរជាងមុនរួមនឹងសណ្តាប់ធ្នាប់ចំណត សណ្តាប់ធ្នាប់ចរាចរណ៍ផងដែរ៕
មតិយោបល់