-

រថយន្តកាមរីហើមបើកបុករះបណ្ដាលឲ្យមនុស្ស៣នាក់រងរបួសព្រមទាំងខូច ម៉ូតូ៦គ្រឿង

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្ដាលឲ្យមានមនុស្សចំនួន៣នាក់រងរបួស និងម៉ូតូចំនួន៦គ្រឿងរងការខូចខាត ព្រមទាំងបាក់ដើមឈើ១ដើមនិងប៉ើងតូបលក់នំមួយកន្លែងថែមទៀត ដែលបង្កឡើងដោយរថយន្តម៉ាកកាមរីហើម១គ្រឿងបើកបរក្នុងល្បឿនហើយបានបុករះឥតប្រណី កាលពីវេលាម៉ោង៤និង១៥នាទីល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមផ្លូវបេតុងបុរីញូវថោនភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តបង្កម៉ាកកាមរី ហើមពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2N-5332 អ្នកបើកបរមិនស្គាល់ឈ្មោះនោះឡើយ នៅមុនពេលកើតហេតុគេឃើញរថយន្តខាងលើបានបើកបរតាមផ្លូវជាតិលេខ៤ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានបត់ចូលទៅតាមផ្លូវបេតុងខាងលើ ខណៈនោះពុំដឹងថាមានអ្វីកើតឡើងទេ ស្រាប់តែរេចង្កូតជ្រុលទៅបុកម៉ូតូ២គ្រឿងបណ្ដាលឲ្យរងការខូចខាត រួចបន្តទៅបុកអ្នកដំណើរថ្មើរជើង២នាក់បណ្ដាលឲ្យរងរបួសយ៉ាងដំណំ។

ប្រភពដដែលបានបន្តទៀតថា ក្រោយពេលបើកបុករះជាបន្តបន្ទាប់បែបនេះអ្នកបើកបររថយន្តបង្កខាងលើបានបន្ថែមល្បឿន ដើម្បីរត់ទិសដៅពីជើងទៅត្បូងបានប្រហែល១គីឡូម៉ែត្រក៏បានជ្រុលទៅបុកតូបលក់នំមួយកន្លែងស្ទើរតែរលំហើយបណ្ដាលឲ្យក្មេងម្នាក់រងរបួស ។បន្ទាប់មកនៅតែមិនព្រមឈប់និងបានព្យាយាមបើករត់គេចខ្លួនទៀតរួចក៏បានជ្រុលទៅបុកដើមក្រខុប១ដើមបណ្ដាលឲ្យបាក់និងបុករះម៉ូតូចំនួន៤គ្រឿងទៀតទើបទៅមុខលែងរួច។
ក្រោយកើតហេតុដោយមានម៉ូតូខ្លះខូចខាតមធ្យមដោយមិនចង់វែងឆ្ងាយទើបលើកម៉ូតូយកទៅបាត់។
ប្រភពខាងលើបានបន្តទៀតថា ខណៈនោះអ្នកបើកបរចុះរត់គេចខ្លួន ប៉ុន្តែត្រូវបានប្រជាពលរដ្ឋដេញចាប់បានរួចប្រគល់ទៅឲ្យនគរបាលប៉ុស្តិ៍ចោមចៅទី៣និងនគរបាលផ្នែកចរាចរខណ្ឌពោធិ៍សែនជ័យដើម្បីប្រគល់បន្តទៅឲ្យនគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនាំយកទៅចាត់ការតាមច្បាប់៕

 

មតិយោបល់