ភ្នំពេញៈ បន្ទាប់ពីស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ ពាក់ព័ន្ធ រឿង លួចរថយន្ត អ្នកដទៃទៅលក់ ក្រោមរូបភាព ធ្វើជាអ្នកគក់ជេ។
បើយោងតាមរបាយការណ៍ របស់សមត្ថកិច្ច បុរសជាចោរលួចរថយន្តរូបនោះ មានឈ្មោះ កុយ រដ្ឋា ភេទប្រុស ស្នាក់នៅផ្ទះលេខ ៦៣៥ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គួរកត់សម្គាល់ថា ខណៈដែលសមត្ថកិច្ចបញ្ជូនខ្លួន ជនសង្ស័យទៅតុលាការ មានក្រុមអ្នកជួយរត់ការ ឲ្យមានការដោះលែងជនសង្ស័យ ផងដែរ។
សមត្ថកិច្ច បានឲ្យដឹងថា ព្រះរាជអាជ្ញា នៅមិនទាន់បាន សាកសួរជនសង្ស័យនៅឡើយទេ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ ដោយផ្ញើជនសង្ស័យនៅនឹងសមត្ថកិច្ចសិន រង់ចាំបន្តនីតិវិធី នាព្រឹកស្អែក។
ប្រភពបន្ថែមថា សំណុំរឿងរឿង គឺជនសង្ស័យ ខាងលើបាន លួចយករថយន្ត របស់ជនរងគ្រោះ ម៉ាក Lexus RX300 មួយគ្រឿង ក្រោមរូបភាព ធ្វើជាអ្នកគក់ជេ រថយន្ត ដោយខ្លីរថយន្ត របស់ជនរងគ្រោះ យកទៅឲ្យ ម៉ូយមើល ស្រាប់តែយកទៅរហូតតែម្តង មិនត្រលប់មកវិញ។
ក្រោយពីទទួលបាន ពាក្យបណ្តឹងរបស់ជនរងគ្រោះ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
សមត្ថកិច្ចថា ដើមបណ្តឹង ប្តឹងទាមទារ លុយថ្លៃរថយន្តដែលបាត់បង់ ចំនួន ១២,០០០ដុល្លារ និងសំណូមពរឲ្យតុលាការដាក់ទោសជនសង្ស័យតាមច្បាប់៕
មតិយោបល់