ព័ត៌មានជាតិ

បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ពីបទលាក់ទុកអាវុធខុសច្បាប់

បន្ទាយមានជ័យៈ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ រៀបចំសណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃ១១កើត ខែផល្លុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០១៨នេះ ពីបទលាក់ទុកអាវុធហត្ថខុសច្បាប់ នៅភូមិជ្រាប់ចាស់ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ ភឿង ម៉ាន់សឹង្ហ នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឡម ប៊ុនឡឺត ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិជ្រាប់ចាស់ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកនាយការិយាល័យ បានឲ្យដឹងទៀតថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋឈ្មោះ នួន សៃ ភេទស្រី អាយុ៣៨ឆ្នាំ នៅភូមិជាមួយគ្នា រាយការណ៍ថា ប្តីរបស់ខ្លួនបានលាក់ទុកអាវុធនៅក្រោម ជណ្តើរខាងក្នុងផ្ទះ កម្លាំងនគរបាលយើងបានចុះទៅពិនិត្យឆែកឆេររកឃើញអាវុធធុនK54លេខ 1939 គ្រាប់ចំនួន៥គ្រាប់បង់ ហើយបានធ្វើការចាប់ឃាត់មកសាកសួរ តាមបទបញ្ជាលោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តនិងមានការសម្របសម្រួលពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោភឿង ម៉ាន់សឹង្ហ បានបញ្ជាក់ថា តាមចម្លើយសារភាពរបស់ជនសង្ស័យ បាននិយាយថាខ្លួនបានជួបឈ្មោះវី មិនស្គាល់ត្រកូល ភេទប្រុសអាយុ៤០ឆ្នាំ ជានាយកការងារអភិរក្សព្រៃឈើ ស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ។កាលពីដើមខែមករាឆ្នាំ២០១៨ ឈ្មោះវី ឲ្យខ្លួនចុះឈ្មោះជាសមា ជិកអភិរក្សព្រៃឈើ ហើយសុំទិញកាំភ្លើងខ្លីមួយដើមទុកតាមខ្លួនពេលទៅតាមបណ្តាខេត្តនានា។បន្ទាប់មកក៏ទៅទិញនៅថៃម៉ាក K54លេខ 1939 គ្រាប់ចំនួន៥គ្រាប់បង់ផលិតនៅប្រទេសសូវៀត ក្នុងតម្លៃ៨.០០០បាតពីឈ្មោះយ៉ាងមិនស្គាល់ត្រកូល អាយុ៥២ឆ្នាំនៅភូមិដនមឿង ប្រទេសថៃ ទុកសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន។

ដោយផ្អែកតាមចម្លើយសារភាពរេបស់ជនសង្ស័យនិងការបំភ្លឺរបស់ឈ្មោះ នួន សៃ ជនសង្ស័យឈ្មោះឡម ប៊ុនឡឺត ពិតជាលាក់ទុកអាវុធខុសច្បាប់ប្រកដមែន។បច្ចុប្បន្នត្រូវបានបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការ តាមនិតិវិធីច្បាប់៕

មតិយោបល់