ព័ត៌មានជាតិ

សម្តេចតេជោ រីករាយ និងគាំទ្រនូវអ្វី ដែលភាគីឡាវបានលើកឡើងពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលបដិសណ្ឋារកិច្ចផ្លូវការជូនលោក ថោងលូន ស៊ីស៊ូលីដ ( Thongloun Sisoulith ) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ក្រោយពីបានបានចូលកាន់តំណែងជាង២ខែកន្លងទៅនេះ លោក Thongloun Sisoulith បានមកទស្សនៈកិច្ចកម្ពុជាជាប្រទេសដំបូងគេ។ ដំណើរទស្សនកិច្ចនេះ គឺឆ្លុះបញ្ចាំងពីការគោរព និងការយកចិត្តទុកដាក់មកលើប្រទេស ដែលមានព្រំប្រទល់ជាប់ភូមិផងរបងជាមួយគ្នា។ នាយករដ្ឋមន្រ្តីឡាវអបអរសាទចំពោះសកម្មភាព និងសហប្រតិបត្តិការធ្វើរួមគ្នាកន្លងមក ជាពិសេសក្នុងការអបអរសាទរខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្រ្តីមានសេចក្តីរីករាយ ចំពោះទំនាក់ទំនងខាងពាណិជ្ជកម្មទេសចរណ៍ ជាពិសេសផ្នែកសន្តិសុខរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្រ្តីឡាវបានបន្តថា ក្រសួងសន្តិសុខ និងក្រសួងការពារជាតិ ក៏ដូចជាក្រសួងមហាផ្ទៃកម្ពុជា បានសហការគ្នាជាប្រចាំ ដើម្បីប្រយុទ្ធប្រឆាំងអំពើភេរវកម្មអំពើរត់ពន្ធឆ្លងដែនការជួញដូរខុសច្បាប់ និងការកាប់បំផ្លាញព្រៃឈើ។

លោកនាយករដ្ឋមន្ត្រីឡាវ ពេញចិត្តចំពោះការផ្លាស់ប្តូរទស្សនៈកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងប្រព័ន្ធយន្តការដែលមានស្រាប់ដែលកំពុងប្រព្រឹត្តទៅយ៉ាងសកម្ម ដើម្បីជំរុញការអនុវត្តកិច្ចសន្យា និង MOU ដែលបានចុះហត្ថលេខារួចជាស្រេចមកហើយ រួមជាមួយយន្តការផ្សេងៗទៀត ដើម្បីគាំទ្រជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឲ្យបានកាន់តែស៊ីជម្រៅថែមទៀត។ លោកស្នើឲ្យមានការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងបន្ថែមទៀត ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ព្រមទាំងជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំ និងប្រជាជន។ លោកក៏បានជំរុញឲ្យមានការវិនិយោគ ទេសចរណ៍ និងសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ តាមសក្ដានុពលរបស់ប្រទេសទាំងពីរ។ កម្ពុជាឡាវជំរុញឲ្យមានការដោះស្រាយបញ្ហាព្រំដែន ឲ្យបានឆាប់រហ័ស រួមទាំងការស្នើឲ្យមានការបើកច្រកព្រំដែនបន្ថែមទៀតផងដែរ។

សម្តេចតេជោ ហ៊ុន សែន សោមនស្សរីករាយ និងគាំទ្រចំពោះអ្វីដែល លោក ស៊ីស៊ូលីត បានលើកឡើងពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាសកម្មភាព ដែលបានធ្វើកន្លងមក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។ សម្តេចតេជោ ពេញចិត្តផងដែរ ចំពោះការដឹកនាំដោយផ្ទាល់របស់លោក ស៊ីស៊ូលីត ដែលបានដឹកនាំក្រុមបាល់ទាត់ All Stars របស់ឡាវ មកប្រកួតនៅកម្ពុជាកាលពីពេលកន្លងមក គឺបានឆ្លុះបញ្ចាំងពីទំនាក់ទំនងនិងមិត្តភាពល្អរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ សម្តេចតេជោ និងលោកនាយករដ្ឋមន្រ្តីឡាវ បានឯកភាពក្នុងការបើកច្រកថ្មីបន្ថែមទៀត ដើម្បីបង្កលក្ខណៈឲ្យប្រជាជនដែលរស់នៅតាមព្រំដែនអាចធ្វើដំណើរឆ្លងកាត់ទៅវិញទៅមក និងដើម្បីជួយលើកស្ទួយពាណិជ្ជកម្ម និងទេសចរណ៍ នៅតាមព្រំដែនរវាងប្រទេសទាំងពីរទៀតផង។ ប្រទេសទាំងពីរក៏នឹងបើកកុងស៊ុលនៅខេត្ត ស្ទឹងត្រែង និង ខេត្ត ចំប៉ាសាក់ ដើម្បីសម្រួលដល់ការចេញចូលនៃប្រជាជននៃប្រទេសទាំងពីរផងដែរ។

នៅល្ងាចនេះ សម្តេចតេជោ ហ៊ុន សែន នឹងរៀបចំអាហារពេលល្ងាចទទួលលោកនាយករដ្ឋមន្រ្តីនៃប្រទេសឡាវផងដែរ៕

មតិយោបល់