ព័ត៌មានជាតិ

មន្ត្រីសុរិយោដីចុះវាស់វែងដី និងធ្វើប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋ៥ភូមិ នៅសង្កាត់កាចាញ ក្រុងបានលុង

រតនគិរីៈ មន្ទីរសុរិយោដីខេត្តរតនគិរី បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ មកដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ សកម្មភាពវាស់វែងក្បាលដីកាន់កាប់ជាក់ស្តែងរបស់ប្រជាពលរដ្ឋ ក្នុងសង្កាត់កាចាញបានចំនួន៤០ក្បាលដីហើយ។

លោក ទឹម មុន្នីរត្ន័ អនុប្រធានមន្ទីររៀបចំដែនដីនគរូបណីយកម្ម និងសំណង់ខេត្តរតនគិរី បានឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ថា ឆ្លើយតបនឹងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសកាត់ដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុនអភិវឌ្ឍចំការកៅស៊ូឡាបានសៀក ជូនប្រជាពលរដ្ឋ៥ភូមិ ក្នុងសង្កាត់កាចាញក្រុងបានលុង ក៏ដូចតាមការណែនាំចង្អុលបង្ហាញរបស់លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរតនគិរី នឹងលោក ថង សាវុន អភិបាលខេត្តរតនគិរី មន្ទីរបានចាត់បញ្ជូនមន្ត្រីជំនាញ១៥នាក់ចុះអនុវត្តជាក់ស្តែង ធ្វើការវាស់វែងក្បាលដី ដើម្បីធ្វើប្លង់កម្មសិទ្ធិជូនពួកគាត់ ដោយសកម្មភាពនេះ ចាប់ផ្តើមក្នុងភូមិ៤ ចំពោះពេលវេលានៃការវាស់វែងលឿន ឬយឺត គឺអាស្រ័យលើម្ចាស់ក្បាលដីទាំងអស់ចូលរួមសហការជាមួយក្រុមមន្រ្តីជំនាញ តែទោះជាយ៉ាងណាខាងមន្ត្រីជំនាញ នឹងខិតខំប្រឹងប្រែងអនុវត្តការងារនេះ ឲ្យទទួលបានជោគជ័យ។

លោក ទន់ ពៅ ចៅសង្កាត់កាចាញបានឲ្យដឹងនៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ថា ជំនួសមុខឲ្យប្រជាពលរដ្ឋក្នុងសង្កាត់កាចាញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច តេជោ ហ៊ុន សែន ដែលបានសម្រេចកាត់ដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនអភិវឌ្ឍចំការកៅស៊ូឡាបានសៀក ជូនប្រជាពលរដ្ឋ ៥ភូមិនៅសង្កាត់កាចាញ។

លោកចៅសង្កាត់បានចាត់ទុកចំណាត់ការរបស់សម្តេចតេជោ គឺឆ្លើយតបនឹងបំណងប្រាថ្នាចង់បានរបស់បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់កាចាញទាំងមូល។

គួរបញ្ជក់ផងដែរថា ភាពចម្រូងចម្រាសដីធ្លីរវាងប្រជាពលរដ្ឋ១២៦០គ្រួសារចំនួន៥ ភូមិក្នុងសង្កាត់កាចាញ នឹងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចអភិវឌ្ឍន៍ចំការកៅស៊ូឡាបានសៀកបានកើតឡើងជាច្រើនឆ្នាំមកហើយ។ ទើបតែនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងដំណើរចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងខេត្តរតនគិរីរបស់សម្តេចតេជោ ហ៊ុន សែន សម្តេចតេជោបានប្រកាសកាត់ដីពីក្រុមហ៊ុនខាងលើជូនប្រជាពលរដ្ឋ១២៦០គ្រួសារក្នុងសង្កាត់កាចាញ ព្រមទាំងធ្វើប័ណ្ណកម្មសិទ្ធិជូនលើដីកាន់កាប់ជាក់ស្តែងជូនពួកគាត់ផងដែរ៕

photo_2016-10-21_14-56-36photo_2016-10-21_14-56-29photo_2016-10-21_14-56-32-2photo_2016-10-21_14-56-32photo_2016-10-21_14-56-33-2photo_2016-10-21_14-56-33photo_2016-10-21_14-56-34-2photo_2016-10-21_14-56-34photo_2016-10-21_14-56-35

មតិយោបល់