ព័ត៌មានជាតិ

អគ្គិភ័យឆេះសាលមហោស្រព ព្រះសីហមុនី ខេត្តកំពង់ចាម ផ្អើលចុះអន្តរាគមន៍ទាំងព្រឹក

កំពង់ចាមៈ កាលពីវេលាម៉ោង ៦ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ មានករណីបង្កការភ្ញាក់ផ្អើល ដោយសាលមហោស្រព ព្រះសីហមុនីខេត្តកំពង់ចាម ស្ថិតក្នុងភូមិទី១៥ សង្កាត់កំពង់ចាម គ្រប់គ្រងដោយ ឈ្មោះ យ៉េន សារិទ្ធ ភេទប្រុស អាយុ ៥៧ឆ្នាំ នៅភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាមខេត្តកំពង់ចាម បានឆ្លងចរន្តអគ្គិសនីឆេះទាំងព្រឹក។

ភ្លាមៗផងដែរ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន២គ្រឿង កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាមនិង
កម្លាំងអន្តរាគមន៍នគរបាលខេត្តកំពង់ចាម ជាច្រើននាក់ បានចុះជួយសម្រួលចរាចរណ៍ និងប្រតិបត្តិការជួយពន្លត់បានទាន់ពេលវេលា ប្រកបដោយសុវត្តិភាព និងមិនប៉ះពាល់ដល់ទីតាំងផ្សេងនោះទេ ហើយក៏មិនមានរបួសដែរ។

នៅក្នុងប្រតិបត្តការនេះ ត្រូវបានដឹកនាំដោយលោកឧត្តមសេនីត្រី ហេង វុទ្ធី ស្នងការរងទទួលវេនប្រចាំបញ្ជាថ្ងៃនេះ បានជួយអន្តរាគមន៍ ភ្លាមៗ ហើយក៏មានវត្តមានឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដល់កន្លែងកើតហេតុផងដែរ។

សម្ភារខូចខាត រួមមានដូចខាងក្រោម៖
– ឆេះកៅអី ដែកពូកចំនួន៨៥ /៨៥០កៅអី ស្មើរ១០%
– ឆេះ និង ខូចខាតពិដានម្នាងសិលា ខាងលើទាំងស្រុង១០០%
– ឆេះជញ្ជាំងកាំម្ញីមួយចំហៀងទាំងស្រុង
– ឆេះទ្វារឈើចេញចូលចំនួន ២សន្លឹក។

ករណីនេះ សមត្ថកិច្ចបានប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង និងប្រើប្រាស់ទឹកអស់ ចំនួន០៥រថយន្ត ធំ០១គ្រឿង តូច០៤គ្រឿង (ស្មើ៤០ម៉ែត្រគូប) និងប្រើប្រាស់បំពង់ពន្លត់ អស់ចំនួន៧បំពង់ ក្នុងនោះធំ០៣ និងតូច៤បំពង់៕

មតិយោបល់