ព័ត៌មានជាតិ

ស្ងាត់ៗ លោកអធិការខណ្ឌជ្រោយចង្វារដោះលែងក្រុមអ្នកជល់មាន់១២នាក់ ទៅផ្ទះបាត់!

ភ្នំពេញៈ ក្រុមអ្នកញៀនជល់មាន់ ១២នាក់ដែលគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ បានដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិបង្ក្រាប ត្រូវបានលោកអធិការខណ្ឌដោះលែងឲ្យត្រលប់ទៅផ្ទះវិញអស់ហើយ នេះបើយោងតាមការបង្ហើបឲ្យដឹងពីសមត្ថកិច្ចខណ្ឌ។

ពាក់ព័ន្ធករណីដោះលែងជនសង្ស័យ ជាអ្នកស្នេហាវិស័យជល់មាន់ ទាំង ១២នាក់ លោក សៀម សុវត្ថាវុធ អធិការខណ្ឌជ្រោយចង្វារបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថា រឿងដោះលែងក្រុមជនសង្ស័យជល់មាន់ ទាំង ១២នាក់ សូមទៅសួរលោកព្រះរាជអាជ្ញារងប្រចាំខណ្ឌ ព្រោះលោកព្រះរាជអាជ្ញារងជាអ្នកចាត់ចែង។

គួររំលឹកថា កាលពីថ្ងៃទីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ គណៈបញ្ជាការខណ្ឌជ្រោយចង្វារបានដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្វៀនជល់មាន់មួយកន្លែងស្ថិតនៅក្នុងភូមិគៀនឃ្លាំង សង្កាត់-ខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនមនុស្ស១២នាក់ និងដកហូតម៉ូតូរថយន្តជាច្រើនគ្រឿង រួមទាំងមាន់ជាច្រើនក្បាល។

ក្នុងប្រតិបត្តិការនេះ កម្លាំងយើងបានឃាត់ខ្លួនមនុស្សចំនួន ១២នាក់, ម៉ូតូ ៣៧គ្រឿង, រថយន្ត Tundra មួយគ្រឿង, និងមាន់ជល់ចំនួន ៧ក្បាល រួមនឹងសម្ភារមួយចំនួនទៀតដែលបម្រើឲ្យសង្វៀនជល់មាន់។ បន្ទាប់ពីប្រតិបត្តិការចប់ កម្លាំងជំនាញបាននាំខ្លួនមនុស្សទាំងអស់នោះទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ៕

មតិយោបល់