ព័ត៌មានជាតិ

ប្រទះឃើញស្ត្រីម្នាក់ស្លាប់ក្បែរគល់ត្នោត

កណ្ដាល: ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ផ្កាប់មុខចំតិតគូទនៅគល់ដើមត្នោត បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី២៧ ខែមិថុនានេះ នៅក្នុងបរិវេណវត្តខ័ណ្ឌតីចម្ងាយ៣០ម៉ែត្រពីព្រះវិហា ស្ថិតនៅភូមិស្លាម៉ាត ឃុំតាលន់ស្រុកស្អាង ខេត្តកណ្តាល។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡេង ឡាយ អាយុ៤៣ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

មន្ត្រីនគរបាលបានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង១ កូននិងបងប្អូនបានយកឈ្មោះ ឡេង ឡាយ ទៅវត្តខ័ណ្ឌតី ដើម្បីឲ្យលោកស្រោចទឹក ព្រោះមានជំងឺប្រចាំកាយ និងហូបស្រាជាប្រចាំហើយក៏ឲ្យសម្រាកនៅក្នុងវត្ត។ លុះដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៤ទៀបភ្លឺឈ្មោះ ឡេង ឡាយ បានបើកទ្វារចេញពីសាលាឆាន់ ហើយក៏បាត់រហូតដល់ម៉ោង១១និង២០នាទីថ្ងៃ ទើបយាយជីប្រទះឃើញស្លាប់ដេកផ្កាប់មុខនៅជិតព្រះវិហារ ក្បែរគល់ត្នោត រួចក៏រាយការណ៍ឲ្យសមត្ថកិច្ចជំនាញចុះទៅធ្វើការពិនិត្យសាកសពឃើញថា ពុំមានស្នាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ គឺស្លាប់ឲ្យមកពីខ្យល់គ។

ក្រោយពិនិត្យរួច សពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់