ព័ត៌មានជាតិ

មន្រ្តីកសិកម្មត្រូវធ្វើជាគំរូល្អ ប្រកាន់ភ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងផ្តល់សេវាកម្មកសិករ

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ស្នើឲ្យមន្រ្តីរបស់ខ្លួនធ្វើខ្លួនជាមន្ត្រីល្អ ជាគំរូដល់មន្ត្រីនានា ត្រូវមានអត្តចរិតសុភាពរាបសា ម៉ឹងម៉ាត់ក្នុងការងារ ប្រកាន់ភ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុងខ្ពស់ យល់សុខទុក្ខរបស់មន្ត្រីក្រោមឱវាទ គ្រប់គ្រង់មន្ត្រីដោយសមធម៌ យុត្តិធម៌។

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ លោក វេង សាខុន បានជំរុញឲ្យមន្រ្តីក្រោមឱវាទយកចិត្តទុកដាក់ផ្តល់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ជួយដល់កសិករក្នុងការដាំដុះដំណាំ ធ្វើវារីវប្បកម្ម និងចិញ្ចឹមសត្វ ដើម្បីធានាដល់ការផ្គត់ផ្គង់ជីវភាពរស់នៅ និងចេះលើកទឹកចិត្តដល់មន្ត្រីសកម្មការងារ ដោយមិនយកតួនាទីធ្វើជាខ្នងបង្អែករបស់ឈ្មួញ នៅជិតស្និទ្ធជាមួយមហាជន មន្ត្រីក្រោមឱវាទ និងប្រជាកសិករ។

ជាមួយគ្នានោះលោកបានស្នើឲ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ចុះដល់មូលដ្ឋាន ជួបប្រាស្រ័យជាមួយមន្ត្រីជំនាញ ប្រជាកសិករ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមរបស់គាត់បានទាន់ពេលវេលា ត្រូវត្រៀមអន្តរាគមន៍ជួយដល់កសិករ នារដូវបង្កបង្កើនផលនេះ ដោយផ្តល់សេវា បច្ចេកទេស ពូជ ជី ថ្នាំកសិកម្មទប់ស្កាត់ មានវិធានការដោះស្រាយបញ្ហាប្រឈម ជាឧបសគ្គរបស់កសិករ។

ខិតខំឲ្យបានខ្លាំងក្លាទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដែលកើតមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដូចជាការកាប់បំផ្លាញព្រៃឈើ ជលផល និងការដឹកជញ្ជូនសត្វ ផលិតផល មានដើមកំណើរពីសត្វ។ ន្រ្តីជំនាញត្រូវសិក្សាឲ្យបាននូវតម្រូវការអតិបរិមានៃសម្ភារៈកសិកម្មជី-ថ្នាំកសិកម្ម ត្រូវសិក្សាពីតម្រូវការទីផ្សារសាច់សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក៕

មតិយោបល់