ព័ត៌មានជាតិ

សូមបងប្អូនប្រុងប្រយ័ត្ន! ឥទ្បូវនេះ មានករណីចោរលួច ស្លាកលេខរថយន្ត..

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១​ ចេញល្បាតពួនស្ទាក់​ក្នុងមូលដ្ឋាន​ ឃាត់ខ្លួន និងនាំយកទៅសាកសួរនៅប៉ុស្ដិ៍ ក្រោយឆែកឆេរ​រកឃើញ ស្លាកលេខរថយន្ត ២បន្ទះ​ និងឧបករណ៍​សម្រាប់ដោះ​មួយចំនួនទៀត។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨​ នៅក្នុងដីឡូតិ៍គ្មានលេខ​ ផ្លូវលេខ៨៥BT ក្រុម៤​ ភូមិចម្រើនផល១​ សង្កាត់បឹងទំពន់ទី១​ ខណ្ឌមាន​ជ័យ​។

តាមសមត្ថកិច្ច បានឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ កម្លាំងសមត្ថកិច្ច បានធ្វើការចេញល្បាតពួនស្ទាក់​ក្នុងមូលដ្ឋាន​ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យ​ កំពុងជិះកង់ហើយមានព្យួរថង់ខ្មៅ នៅជាប់នឹងដៃកង់​ ទើបមានការសង្ស័យក៏ធ្វើការឃាត់ខ្លួន ដើម្បីសាកសួរ និងឆែកឆេរ ស្រាប់តែរកឃើញស្លាកលេខរថយន្ត ២បន្ទះ (ស្លាកលេខរថយន្តមុខក្រោយ) ដែលមានលេខភ្នំពេញ​ 2I-0638 និងពិលពាក់ជាប់នឹងក្បាល​ រួមទាំងដែកកាប់​ រួចសមត្ថកិច្ច ក៏បញ្ជូបខ្លួនជនសង្ស័យទៅប៉ុស្ដិ៏។

ក្រោយពីធ្វើការសាកសួររួច ជនសង្ស័យបានឆ្លើយសារភាព​ថា ស្លាកលេខរថយន្តទាំង២បន្ទះ គឺខ្លួនបានលួចដោះ ចេញពីររថយន្ដមួយគ្រឿង ដែលចតនៅខាងមុខផ្ទះ នៅចំណុចផ្លូវបេតុង​ ភូមិសន្សំកុសល​២​ សង្កាត់បឹងទំពន់ទី១​ ខណ្ឌមានជ័យ។

បច្ចុប្បន្នសមត្ថកិច្ច បានប្រគល់ស្លាកលេខរថយន្តទាំង២បន្ទះ ជូនទៅម្ចាស់រថយន្តដើមវិ រីឯជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចាត់ការបន្ដតាមផ្លូវច្បាប់៕

មតិយោបល់