ព័ត៌មានជាតិ

​ លោកជំទាវ ឱ វណ្ណឌី​ន៖ បាន​អះអាងថា ​វឌ្ឍនភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ-​១៩​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន ​រហូត​មក​ដល់ពេលនេះ​ចំនួន ជិតបីលាន​នាក់​ហើយ

រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ចំពោះ​កិច្ច​នៃ​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ លោកជំទាវ ឱ វណ្ណឌី​ន បាន​អះអាងថា ​វឌ្ឍនភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ-​១៩​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន និង​ហួសការ​គ្រោងទុក​របស់​ក្រុមការងារ ដែល​រហូត​មក​ដល់ពេលនេះ​ចំនួន អ្នក​ចាក់​បាន​រហូតដល់​ជាង​ពីរលាន​ប្រាំពីរ​សែន​នាក់​ហើយ​​។

ក្នុង​កិច្ចសម្ភាសន៍​ពិសេស​ជាមួយ​ទូរទស្សន៍​BTV ខណៈ​ចុះ​បេសកកម្ម​ការងារ​នៅ​ភាគ​ពាយព្យ​ នា​ព្រឹក​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២១​នេះ លោកជំទាវ ឱ វណ្ណឌី​ន បាន​លើកឡើងថា ​ការចាក់​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វីដ​-១៩ វា​បាន​ផ្តល់​ផលប្រយោជន៍​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្លាំង​ណាស់ ​ពោលគឺ​វា​បាន​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​ដល់​យើង​ពេល​ដែល​ចាក់​រួច ​ហើយ​ប្រសិនបើ​ឆ្លង​ក៏​វា​មិន​ងាយ​ធ្ងន់ធ្ងរ​នោះដែរ​។

យ៉ាងណាក៏ដោយ​លោកជំទាវ ឱ វណ្ណឌី​ន នៅតែ​បន្ត​ទទូច​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​កុំ​មានការ​ធ្វេសប្រហែស​ឲ្យ​សោះ​ក្នុង​កិច្ចការពារ​មេរោគ​កូ​វីដ​-១៩​នេះ​ ទោះបីជា​យើង​បាន​ចាក់​នូវ​វ៉ាក់សាំង​រួច​ឬ​មិន​ទាន់រួច​ក៏ដោយ​នោះ​ ដោយ​ត្រូវ​ប្រកាន់​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នៅ​វិធាន​ បី​ការពារ​ និង​បី​កុំ ដែលជា​អភិក្រម​របស់​សម្តេច​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ ​។

សូមបញ្ជាក់ថា រហូតមកដល់​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២១​នេះ​ប្រទេស​កម្ពុ​ជា​មាន​អ្នក​ឆ្លង​នូវ​ជំងឺ​កូ​វីដ​-១៩​សរុប​៣៤៨៣៣​នាក់​ហើយ ​​ក្នុងនោះ​អ្នកជា​សះស្បើយ ​ ២៨០៩២​នាក់ ខណៈ អ្នកស្លាប់​ កើន ដល់​២៦៦​នាក់​៕

មតិយោបល់