ភ្នំពេញៈ បុរសម្នាក់បានបោកក្បាលស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអធ័ម បន្ទាប់មានរថយន្តឡិចស៊ីសមួយគ្រឿង មិនចាំស្លាកលេខ បានបើកវ៉ាជែងជ្រុលទៅបុកម៉ូតូឌ្រីមសង់ពេញទំហឹង ហើយបើករត់គេចបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរន្ធត់នេះកើតឡើងនៅវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេងកែង និងផ្លូវចូលដីថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ណែម តុល ភេទប្រុស អាយុ២៣ឆ្នាំ មុខរបជាងដែកក្នុងរោងចក្រដំបូលខៀវ ខណ្ឌពោធិ៍សែនជ័យ ស្នាក់នៅដីថ្នីខណ្ឌមានជ័យមាន ស្រុកកំណើតនៅភូមិក្របៅ ឃុំក្របៅ ស្រុកកំចាយមាស ខេត្តព្រៃវែង។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូឌ្រីមសង់០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1 L-5602 បើកពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើបម្រុងបត់ឆ្វេងដោយឃើញរថយន្តកុងតឺន័រ ក៏បត់មកវិញស្រាប់តែមានរថយន្តឡិចស៊ីសមិនចាំស្លាកលេខ បើកពីលិចទៅកើតបានបើកវ៉ាជែងជ្រលទៅម៉ូតូចំពីក្រោយពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់នោះផ្លោងចេញពីម៉ូតូបោកទៅនឹងថ្នល់បែកក្បាលស្លាប់ក្មុងថ្លុកឈាម។ រីឯរថយន្តបង្ករព្យាយាមបើករត់បាត់ស្រមោល។
ក្រោយកើតសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញចុះវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំសាច់ញាតិយកឯកសារនិងប្រគល់ជូនឲ្យទៅវិញ។
ចំណែកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់