ព័ត៌មានជាតិ

កាមរីបាឡែន បុកម៉ូតូស្លាបម្នាក់ បើករត់ទៅបុកម៉ូតូ១គ្រឿងទៀត ស្រ្តីម្នាក់របួសធ្ងន់!

​សៀមរាប: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តបាឡែនបុករះម៉ូតូ២គ្រឿង ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៦ ភូមិរកាកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

រថយន្តបង្កម៉ាកកាមរីបាឡែន ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ សៀមរាប2B-1374 (អ្នកបើកបររត់គេចខ្លួន) បើកបរក្នុងពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៥ ពាក់ស្លាកលេខ សៀមរាប1A-4975 ជិះដោយឈ្មោះ ផែន ទីន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិភ្នំដី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ទិសដៅបញ្ច្រាសទិសគ្នា បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង។ រួចរថយន្តព្យាយាមបើករត់បន្ត ទៅបុកម៉ូតូ១គ្រឿងទៀត ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៦ គ្មានស្លាកលេខ ជិះដោយឈ្មោះ សន ផល្លា ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប បែកក្បាលចំហៀងឆ្វេង(របួសធ្ងន់) ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យ និងវាស់វែងយករថយន្តបង្កនិងម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់។ ចំណែកសាកសព បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់