ព័ត៌មានជាតិ

ជនរងគ្រោះប្តឹងទៅ សម្តេច ស ខេង រឿង សមត្ថកិច្ចខេត្តបន្ទាយមានជ័យ ដោះលែង រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ និងតៃកុង

បន្ទាយមានជ័យៈ យោងតាមពាក្យបណ្តឹងដែលអ្នកសារព័ត៌មានទទួលបាន ជនរងគ្រោះឈ្មោះ ឡុញ មិថុនា ភេទប្រុស អាយុ ២៩ឆ្នាំ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ បានប្តឹង មន្ត្រីនគរបាល មានតួនាទីធំៗ នៅក្នុងក្រុងប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យ ចំនួន ៣នាក់ទៅ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យជួយ អន្តរាគមន៍រកយុត្តិធម៌ ពាក់ព័ន្ធ ករណីគ្រោះថ្នាក់ចរាចរណ៍។

ពាក្យបណ្តឹង បានរៀបរាប់ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាង រថយន្ត ម៉ាក HINO ធន់ធំ ដឹកទំនិញ របស់ជនជាតិថៃ ពាក់ស្លាកលេខ ៧០-០៨៨៩ បើកបរដោយជនជាតិថៃ ក្រោមស្ថានភាពស្រវឹង ទៅបុករថយន្ត របស់ដើមបណ្តឹង ម៉ាក Chevrolet ស៊េរី ២០១៨ ពាក់ស្លាកលេខ 2AQ-5832 នៅចំណុចក្បែររង្វង់មូលក្រុងប៉ោយប៉ែត្រ កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨។

ក្រោយចុះទៅដល់កន្លែងកើតហេតុ សមត្ថកិច្ចបានសម្រេច យករថយន្តបង្កម៉ាក HINO និងអ្នកបើកបរ ជាជនជាតទិថៃ រួមនឹងរថយន្តរបស់ដើមបណ្តឹង ទៅ អធិការដ្ឋានក្រុងប៉ោយប៉ែត្រ ដើម្បីដោះស្រាយគ្នា។

ដោយសារដោះស្រាយ សំណងគ្នា អស់ជាច្រើនម៉ោង នៅតែមិនត្រូវ ដោយភាគីបង្កព្រមសង ប្រាក់ចំនួន ៥០០ដុល្លារ ប៉ុន្តែភាគីរងគ្រោះ ទាមទារ ១០០០ដុល្លារ ទើបសមត្ថកិច្ច ឲ្យភាគីរងគ្រោះ ចេញទៅហូបបាយសិន ចាំត្រលប់មកដោះស្រាយបន្តទៀត។

ពាក្យបណ្តឹងបញ្ជាក់ថា បន្ទាប់ពីដើមបណ្តឹងត្រលប់ពីហូបបាយវិញ នៅម៉ោងប្រហែល ៨យប់ ស្រាប់តែ សមត្ថកិច្ចដោះលែង រថយន្តបង្ក និងតៃកុងរថយន្ត ឲ្យត្រលប់ទៅវិញស្ងាត់ៗបាត់ ដោយមិនបាន ឲ្យជនរងគ្រោះដឹង និងមិនបានផ្តល់សំណងដល់ជនរងគ្រោះឡើយ។

ជាងនេះទៅទៀត សមត្ថកិច្ចពាក់ព័ន្ធ ក៏មិនបានធ្វើកំណត់ហេតុវាស់វែងកន្លែងកើតហេតុ និងកំណត់ហេតុ ដោះលែងរថយន្ត និងតៃកុងរថយន្តនោះទេ គឺលែងតាមបទបញ្ជា តែម្តង អត់ខ្វល់រឿង នីតិវិធីរបស់ច្បាប់ឡើយ។

ដើមបណ្តឹងថា ចំពោះការដោះលែងរថយន្ត និងតៃកុងបង្កនោះ គឺ លោក នួន គឹមសៅ ជានាយផ្នែកចរាចរណ៍ ក្រុងប៉ោយប៉ែត អះអាងថា ការដោះលែងនោះ គឺលោក ធ្វើតាមបញ្ជា របស់លោក ឈឿន ប៊ុនថា អធិការរងក្រុងប៉ោយប៉ែត និងលោក អ៊ុ សុផល ជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ដោយលោកទាំង ២នាក់ ជាអ្នកធានាដោះស្រាយជំនួសម្ចាស់រថយន្តថៃ។

ប៉ុន្តែដោយសារតែការដោះលែង រថយន្តបង្ក និងតៃកុងរថយន្ត នោះដោយគ្មាន សំណងដល់ជនរងគ្រោះ បែបនេះ ទើបភាគីរងគ្រោះ ជាដើមបណ្តឹង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ បានសួរទៅលោក អ៊ុ សុផល ជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ដែលជាអ្នក ធានាដោះស្រាយជំនួស រថយន្តថៃនោះ បែរជាលោក អ៊ុ សុផល និយាយដោយខ្វះការទទួលខុសត្រូវ ដាក់ជនរងគ្រោះថា លោកគ្មានដំណោះស្រាយជូនទេ ចង់ទៅប្តឹងដល់ណាប្តឹងទៅ។

ពាក់ព័ន្ធ ករណី ពលរដ្ឋឈ្មោះ ឡុញ មិថុនា ប្តឹងលោក នួន គឹមសៅ ជានាយផ្នែកចរាចរណ៍ ក្រុងប៉ោយប៉ែត លោក ឈឿន ប៊ុនថា អធិការរងក្រុងប៉ោយប៉ែត និងលោក អ៊ុំ សុផល ជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ទៅសម្តេចក្រឡាហោម ស ខេង ឲ្យជួយអន្តរាគមន៍រកយុត្តិធម៌នេះ លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន តាមទូរសព្ទថា លោកបានដឹងរឿង ដោះលែងរថយន្ត និងតៃកុងឡានជនជាតិថៃ ដែលស្រវឹងបើករថយន្តធំ បុករថយន្តរបស់ពលរដ្ឋខ្មែរ នៅក្រុងប៉ោយប៉ែតនោះ។

លោកស្នងការ ថា ការដោះលែងនោះ ដោយសារតែ សមត្ថកិច្ចរបស់លោកមិនចង់ឲ្យប៉ះពាល់ទំនាក់ទំនងរវាងប្រទេស ថៃ-ខ្មែរ និងដោយសារមាន ការស្នើសុំពីភាគីថៃផងដែរ។

ដោយឡែក លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានបញ្ជាក់តាម Telegram ថា រឿងគ្រោះថ្នាក់ចរាចរណ៍នោះ សមត្ថកិច្ច អត់បានរាយការណ៍ជូនលោកនោះទេ ហើយការដោះលែងរថយន្តបង្ក និងតៃកុងរថយន្ត ក៏លោកអត់ដឹងដែរ៕

មតិយោបល់