ភ្នំពេញៈ យុវជនម្នាក់បើកម៉ូតូមួយគ្រឿងលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកកន្ទុយរ៉ឺម៉ករថយន្តកុងតឺន័រ ខណៈកំពុងរយ៉ែថយក្រោយដែលមិនមានភ្លើងសញ្ញាជាសម្គាល់ បណ្តាលឲ្យដាច់បំពង់ក ស្លាប់ភ្លាមៗនៅកន្លែង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ នៅលើកំណាត់ផ្លូវ៣០ម៉ែត្រ ត្រង់ចំណុចភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះ (សព)មានឈ្មោះ ឆន ព្រីង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅ ក្នុងការដ្ឋានសំណង់ ភូមិ ស្រែក្នុង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិត្រពាំងជ្រៃ ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១១០ (សង់ប៊ិច) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BQ-4237 ។ ចំណែករថយន្ត ប្រភេទកុងតឺន័រ ម៉ាក FREIGHTINER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-6837 និងកន្ទុយខាងក្រោយពាក់ស្លាកលេខ ព្រះសីហនុ 4A.1573 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុឃើញសភាពមិនស្រួលបានរត់គេចខ្លួនបាត់ ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្តកុងតឺន័រមួយគ្រឿង បើកបរតាមបណ្តោយផ្លូវ៣០ម៉ែត្រ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានបត់ឆ្លងផ្លូវផុតក្បាលរថយន្តហើយ ក៏ថយក្រោយតែនៅខាងកន្ទុយរថយន្ត ដែលអត់មានភ្លើងសញ្ញា ទើបធ្វើឲ្យ ជនរងគ្រោះបានជិះម៉ូតូ ពីលិចទៅកើត ក្នុងស្ថានភាពងងឹតមិនឃើញ ក៏ជ្រុលទៅបុកកន្ទុយរថយន្តកុងតឺន័រ ខាងចំហៀង ចំបន្ទះដែកដែលដាក់ ស្តុបភ្លើង សញ្ញា បណ្តាលឲ្យត្រូវរបួសដាច់បំពង់ក ស្លាប់ភ្លាមៗ នៅកន្លែង ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ រួចទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចុះមកវាស់វែងនិងយករថយន្តបង្ក និងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់រថយន្តបង្កមកដោះស្រាយតាមវិតិនិធីច្បាប់។ ចំណែកសាកសព សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់