ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយបុរសម្នាក់បើករថយន្តម៉ាកតូយ៉ូតាព្រុស ពណ៌សមួយគ្រឿង បានបើកបញ្ច្រាស់ទិសដៅចរាចរណ៍បុកម៉ូតូកង់បីយ៉ាងពេញទំហឹង ហើយម៉ូតូកង់បីនោះខ្ទាតទៅប៉ះម៉ូតូនិចមួយគ្រឿងទៀត បណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់ស្រាល ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌដូនពេញ ឃាត់រថយន្តបាននៅតាមបណ្តោយផ្លូវ២១៤ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់អាយុប្រហែល២០ឆ្នាំជាង បើករថយន្តម៉ាកព្រុស ពណ៌សមួយគ្រឿង មិនមានស្លាកលេខ បើកបញ្ច្រាស់ទិសដៅចរចរណ៍ខាងលិចវិមានឯករាជ្យ ឡើងមកខាងជើងវិមានឯករាជ្យវិញ ក្នុងល្បឿនលឿនដូចហោះក៏បានបុកម៉ូតូកង់បី ពាក់ស្លាកលេខ ភ្នំពេញ 1AX-6196 ដែលបើកតាមបណ្តោយផ្លូវព្រះនរោត្តម ទិសដៅពីជើងមកត្បូងបុកយ៉ាងពេញទំហឹងបណ្តាលឲ្យម៉ូតូកង់បីនោះខ្ទាតទៅប៉ះម៉ូតូម៉ាកនិច ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1DK-0042 មួយគ្រឿងទៀតដែរបើកជិតម៉ូតូកង់បីនោះបណ្តាលឲ្យរងរបួសស្រាល។ រីឯអ្នកបើកកង់បីរងរបួសធ្ងន់ធ្ងរត្រូវរថយន្តសាមុយរបស់មន្ទីរពេទ្យរស្មី ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត្រដើម្បីសង្គ្រោះបន្ទាន់។ រីឯរថយន្តបង្កវិញព្យាយាមបើករត់គេចពីកន្លែងកើតហេតុតែត្រូវប្រជាពលរដ្ឋ៤ទៅ៥ម៉ូតូដេញតាមកា់ជាប់ប្រគល់ឲ្យសមត្ថកិច្ច ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានឃាត់ខ្លួនតៃកុងរថយន្តបង្កយកទៅសួរនាំហើយវាស់វែងស្ទូចយករថយន្តម៉ូតូនិងម៉ូតូកង់បីយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕
មតិយោបល់