ពោធិ៍សាត់ៈ កាលពីវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនគរបាលយុត្តិធម៌ បានទទួលពាក្យបណ្ដឹងករណីហិង្សាប្រព្រឹត្តិដោយសហព័ន្ធ ប្ដីកាប់ប្រពន្ធត្រូវជាច្រើនពូថៅ បណ្ដាលស្លាប់នៅនឹងកន្លែង រួចទៅចងកសម្លាប់ខ្លួនឯងនៅនឹងដើមក្រូចឆ្មារក្បែរផ្ទះ នៅចំណុចអំពួច ស្ថិតនៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ជនសង្ស័យមានឈ្មោះ ពុំ មុត ភេទប្រុស អាយុ ៦៤ឆ្នាំ រស់នៅភូមិឃុំខាងលើបានឈ្លោះប្រកែកទាស់ពាក្យសម្ដីគ្នាជាមួយប្រពន្ធឈ្មោះ សែម ផាត អាយុ៤៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា រួចក៏យកពូថៅកាប់មកលើជនរងគ្រោះត្រូវជាច្រើនពូថៅ ត្រូវចំត្រង់ ត្រចៀកខាងឆ្វេង១ពូថៅ ក្រោមចង្ការ ផ្នែកខាងឆ្វេង១ពូថៅ ផ្នែកខាងស្ដាំ១ពូថៅ ក្រោមទងត្រចៀកខាងស្ដាំ១ពូថៅ ចំហៀងខាងស្ដាំក្រោមគុម្ពត្រចៀក១ពូថៅ បំពង់កខាងឆ្វេង១ពូថៅ និងមានស្នាមរបួសជាច្រើនកន្លែងទៀត បណ្ដាយឲ្យជនរងគ្រោះស្លាប់នៅនឹងកន្លែង។
ក្រោយពីកាប់សម្លាប់ជនរងគ្រោះរួច ជនសង្ស័យខាងលើក៏យកខ្សែគោទៅចងកសម្លាប់ខ្លួនឯងនឹងដើមក្រូចក្បែរផ្ទះ។ ក្រោយពីសមត្ថកិច្ចជំនាញសហការជាមួយនគរបាលជំនាញខេត្តចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យនិងស្រាវជ្រាវ រួចសន្និដ្ឋានបានថា ករណីនេះមូលបណ្ដាលមកពីប្ដីប្រចណ្ឌប្រពន្ធ ហើយកម្លាំងជំនាញយើងក៏ធ្វើកំណត់ហេតុប្រគល់សាកសពឲ្យក្រុមគ្រួសាររងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់