ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូស្កុបពីមួយគ្រឿង បោះពួយយ៉ាងលឿន ខណៈមកដល់ផ្លូវកោងបត់មិនទាន់ក៏ជ្រុលចង្កូតទៅបុករបងថ្មដីឡូត៍ទុកចោលមួយកន្លែង បណ្តាលឲ្យអ្នកបើកបោកក្បាលស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខផ្ទះសំណាក់ស្រែលាភ តាមបណ្តោយផ្លូវ១៣២ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ ម៉ក់ អីហុង ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះលេខ១៨C ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះខាងលើបើកបរម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុកពី ស៊េរី០១៨ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GR-5731 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ១៣២ ក្នុងទិសដៅពីត្បូងទៅជើង និងក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុដែលជាផ្លូវកោងស្រាប់តែម៉ូតូខាងលើបត់មិនទាន់ក៏ជ្រុលចង្កូតទៅខាងស្តាំ ទៅបុករបងថ្មរបស់ដីឡូត៍ទុកចោល បណ្តាលឲ្យជនរងគ្រោះបោកក្បាលទៅនឹងរបងថ្មស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធម៌ ។ រីឯម៉ូតូរងការខូចខាតបែកកាបាំងផ្នែកខាងមុខ។ ចំណែកឯរបងថ្មដីឡូត៍មិនមានរងការខូចខាតនោះទេ។
ក្រោយពេលសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានចុះមកដល់ចំណុចកើតហេតុហើយក៏បានទំនាក់ទំនងទៅរកសាច់ញាតិរបស់ជនរងគ្រោះ និងយកម៉ូតូរបស់ជនរងគ្រោះខាងលើទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។
ដោយឡែកសពបុរសរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯផ្ទះ៕
https://www.youtube.com/watch?v=3FPHwbaywyQ
មតិយោបល់