ភ្នំពេញៈ យុវជនពីរនាក់ជិះម៉ូតូ១គ្រឿងឌុបគ្នា ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ករណីនេះកើតឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយជាតិលេខ៦អា ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
យុវជនដែលបាត់បង់ជីវិតឈ្មោះ ទី ស្រុង អាយុ១៧ឆ្នាំ មុខបរព្រូឡានធ្វើនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទីលំនៅភូមិច្រកចំបក់ ឃុំជប់ ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ចំណែកយុវជនម្នាក់ទៀតឈ្មោះ តឿ មិនស្គាល់អសយដ្ឋាននោះទេ ជិះម៉ូតូ១គ្រឿងម៉ាក់ឌ្រីមស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1CF 8238 ឌុបដោយឈ្មោះ ទី ស្រុង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ យុវជនទាំងពីរនាក់ បានជិះម៉ូតូមួយគ្រឿងខាងលើ តាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ គេមិនដឹងថា ម៉ូតូទៅបុកជាមួយរថយន្តម៉ាកអ្វីពីក្រោយ ឬរថយន្តបុកទេ តែគេសង្ស័យថា ម៉ូតូដែលយុវជនទាំងពីរនាក់នោះជិះ ទៅបុករថយន្តមិនស្គាល់ព្រោះ ស្រាប់តែឮសូប្រាវហើយឃើញម៉ូតូខ្ទេចកំណាត់មុខយ៉ាងដំណំ រីឯមនុស្សស្លាប់ម្នាក់ នៅកន្លែងនិងម្នាក់ទៀត ស្រែកអ៊ូយៗ និងក្អួតធ្លាក់ឈាមទាំងដុំហើយអ្នកភូមិនៅក្បែរនោះ ចេញពីក្នុងផ្ទះមកមើលហើយគេសួថា ម៉ូតូជិះទៅបុករថយន្តម៉ាកអ្វី យុវជននោះរកនឹកមិនឃើញឡើយ ព្រោះរបួសធ្ងន់ផង រួចក៏ខលហៅមិត្តភ័ក្រម្នាក់ទៀត ដឹកតាមម៉ូតូទៅមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុ វាស់វែងយកម៉ូតូដាក់ខាង និងទាក់ទងសាច់ញាតិសព ធ្វើលិខិតស្នាមប្រគល់សាកសព ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕










មតិយោបល់