ភ្នំពេញៈ បាត់មុខពីសិល្បៈអស់មួយខ្យល់ធំ តារាសម្ដែងល្បីឈ្មោះ កញ្ញា មាស សម្ផស្ស ត្រូវគេកត់សម្គាល់ថា បានជោគជ័យគួរសមក្នុងជំនួញទិញដីលក់ដីជំនួសឲ្យអាជីពសិល្បៈ។ នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់នាង មានបង្ហោះសុទ្ធតែសេវាកម្មទិញដីលក់ដី ដោយខាងសាមីខ្លួនបានអះអាងថា ទទួលផ្លែផ្កា ថ្វីដ្បិតតែស្ថានភាពដីធ្លីហាក់មិនសូវផ្ទុះខ្លាំង។
មាស សម្ផស្ស បានអះអាងថា រយៈពេលប្រមាណ១ឆ្នាំមកហើយ ដែលនាង និងគូស្នេហ៍សម្រេចបើកជំនួញលក់ដូរដីធ្លី ដែលដីទាំងនោះ មួយចំនួនក៏ជាដីដែលក្រុមហ៊ុនរបស់នាងទិញផ្ដាច់ និងមួយចំនួន គឺជារៀបគម្រោងពុះលក់ឲ្យគេ ដោយខាងក្រុមហ៊ុនរបស់នាង គឺទទួលខុសត្រូវរឿងសេវាស្វែងអតិថិជន។ នាងអះអាងថា ជំនួញថ្មីនេះ គឺជាផែនការរបស់គូស្នេហ៍ ប៉ុន្តែនាងក៏ជាអ្នកគ្រប់គ្រង និងមើលខុសត្រូវក្រុមហ៊ុនដ៏សំខាន់ម្នាក់ដែរ ដើម្បីឲ្យការងារទទួលបានផ្លែផ្កា។
ជាមួយនឹងភាពមមាញឹកនឹងមុខរបរនោះហើយ ដែលនាងហាក់បំភ្លេចការសម្ដែងតែម្ដង បើទោះជាទីផ្សារសិល្បៈមានសន្ទុះឡើង ដែលនាំឲ្យតារាដែលបាត់មុខយូរដូចនាងទទួលការពេញនិយម។ មាស សម្ផស្ស បញ្ជាក់ថា គម្រោងពុះដីជាឡូតិ៍ដាក់របស់ខ្លួន ទទួលបានជោគជ័យដោយសារតែក្រុមហ៊ុននាងមានភ្ញៀវស្គាល់ច្រើន ហើយសារតែមានប្រព័ន្ធហ្វេសប៊ុកជួយជាចលករក្នុងការផ្សព្វផ្សាយនោះផង ទើបល្បឿននៃផលចំណេញលឿនដូចការចង់បាន។ នាងបានព្រលយពាក្យថា បើកុំតែស្ថានភាពដីធ្លីហាក់ស្ងាត់មួយខ្យល់នាពេលចុងក្រោយ ប្រហែលជានឹងបានប្រាក់សែនដោយមិនពិបាកនោះផង។
យ៉ាងណាមិញ គម្រោងពុះដីដាក់លក់ ដែលបានធ្វើឡើងនៅតែមានផ្លែផ្កាធ្វើឲ្យនាងសប្បាយចិត្ត ដោយសារតែដីដែលនាងទទួលធ្វើគម្រោងដាក់លក់ គឺលុះត្រាដី ស្ថិតក្នុងតំបន់គម្រោងមេរបស់រដ្ឋាភិបាល និងជាដីដែលមានហាងឆេង ផ្អែកតាមការវាយតម្លៃ។ មាស សម្ផស្ស និយាយថា «ដីស្ងាត់មួយរយៈ ប៉ុន្តែដោយសារយើងមានអ្នកជំនាញក្នុងការវាយស្ថានភាពដីធ្លី និងតម្លៃឡើងចុះ ទើបទទួលបានជោគជ័យ តាំងពីបើកដំណើរការ!»។ មកទល់ពេលនេះ នាងច្រើនតែធ្វើគម្រោងដាក់លក់ឲ្យគេច្រើនជាងមានដីផ្ទាល់ខ្លួន ជាពិសេសចំពោះអ្នកមានដីធំៗ ដែលត្រូវការឲ្យក្រុមរបស់នាងធ្វើការលក់ចេញឲ្យបានរហ័ស។
ជាមួយនឹងឱកាសកាក់កបនេះហើយ ទើបគេឃើញអ្នកនាងឧស្សាហ៍បរិច្ចាគថវិកាជួយសង្គម ដែលមុននេះបន្តិច នាងក៏បានផ្ដល់លុយចែកជូនដល់លោកតាលោកយាយក្រីក្រនៅខេត្តព្រៃវែង ចំនួន២កន្លែង តាមរយៈក្រុម «គ្រួសារតារាកម្ពុជា» ផងដែរ៕
មតិយោបល់