ព័ត៌មានជាតិ

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះធ្វើការត្រួតពិនិត្យជនជាតិវៀតណាមរស់នៅមិនស្របច្បាប់ រកឃើញ៧នាក់

ភ្នំពេញៈ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយការិយាល័យអន្តប្រវេសន៍ក្រុង និងកម្លាំងមូលដ្ឋាន បានចុះធ្វើការត្រួតពិនិត្យជនជាតិវៀតណាម ដែលរស់នៅខុសច្បាប់ រកឃើញ៧នាក់ បានឃាត់ខ្លួននាំយកទៅអគ្គនាយកដ្ឋាន ដើម្បីចាត់ការតាមនិតិវិធី ។

ប្រតិបត្តិការនេះ នៅថ្ងៃអង្គារ១០កើត ខែស្រាព ឆ្នាំ ច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនិង ថ្ងៃទី២១ ខែសីហា
ឆ្នាំ២០១៨វេលាម៉ោង៦ និង៣០នាទី ត្រង់ចំណុច ក្រុមទី៦ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ។

ប្រភពព័ត៌មានឱ្យដឹងថា ប្រតិបត្តិការនេះ កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយ ការិយាល័យអន្តោប្រវេសន៍ រាជធានីភ្នំពេញ និងកម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីលា ប្រធាននាយកដ្ឋាន អនុវត្តន៍នីតិវិធី ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង សៀង សុខអមសាលាដំបូងរាជធានីភ្នំពេញ ។

ប្រតិបត្តិការខាងលើ កម្លាំងបានចុះធ្វើការត្រួតពិនិត្យជនអន្តោប្រវេសន៍ វៀតណាមត្រង់ចំណុច ក្រុមទី៦ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាកជាលទ្ធផល រកឃើញជនជាតិវៀតណាម ដែលស្នាក់នៅមិនស្របច្បាប់ចំនួន០៧នាក់ ប្រុស០៥នាក់ ។

បច្ចុប្បន្នជនជាតិវៀតណាមប្រុសស្រីទាំង៧នាក់ ត្រូវបាននាំខ្លួនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ៕

មតិយោបល់