ភ្នំពេញៈ នៅពេលថ្មីៗនេះ មានស្ត្រីជនជាតិចិនម្នាក់ត្រូវបាន តុលាការ សម្រេចដាក់គុក ក្រោមការចោទប្រកាន់ ពីបទឧក្រិដ្ឋ ចំនួន ៣ ព្រោះតែនាង បានបើករថយន្ត បុកចោរ ដែលឆក់ទូរស័ព្ទរបស់នាងស្លាប់។
បើយោងតាមការឲ្យដឹងពី សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល កាលពីម្សិលមិញ មាន ក្រុមចោរឆក់ទូរស័ព្ទ ចំនួន ៣នាក់ ដែលមានសំណាងល្អ និងទទួលបានយុត្តិធម៌គួរជាទីមោទនៈបំផុត។
ប្រភពបន្តថា ក្រុមចោរទាំង ៣នាក់ ដែលធ្លាប់ធ្វើសកម្មភាព ឆក់ ប្លន់ ជាច្រើនលើកច្រើនសារ នៅក្នុងរាជធានីភ្នំពេញ មិនដឹងថា មានជនរងគ្រោះ ប៉ុន្មាននាក់ នោះទេដែលរងគ្រោះ អស់ទ្រព្យ និងដេកពេទ្យដោយសារពួកគេ បែរជាព្រះរាជអាជ្ញារង ២ រូប នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គឺលោកស្រី កែវ សុគន្ធា និងលោក ងិន ពេជ្រ សម្រេច ប្តូរបទចោទប្រកាន់ ពីបទ “លួចមានស្ថានទម្ងន់ទោស” (នគរបាលយុត្តិធម៌ សន្និដ្ឋានបញ្ជូនទៅអយ្យការ) ដែលអាចជាប់គុកចន្លោះពី ៣ឆ្នាំ ទៅ១០ឆ្នាំ មកជាបទ “លួចធម្មតា” ដែលអាចប្រឈមនឹងការជាប់គុកត្រឹមតែ ៦ខែ ទៅ៣ឆ្នាំប៉ុណ្ណោះ។
ក្រោយពីប្តូរបទចោទប្រកាន់ លើលោកចោរទាំង ៣នាក់រួច លោកចោរសំណាងទាំងអស់ ត្រូវបានលោក អ៊ុក សុវណ្ណារិទ្ធ និងលោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកា សម្រេចបង្គាន់ ឲ្យឃុំខ្លួនជាបណ្តោះអាសន្នហើយកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ម្សិលមិញ។
ប្រភពពីមន្ត្រី សាលាដំបូងរាជធានីភ្នំពេញ បានបង្ហើបថា ការសម្រេចប្តូរបទចោទ បែបនេះ គឺជាឆន្ទានុសិទ្ធិរបស់ តំណាងអយ្យការ ដោយសារតែ នគរបាលយុត្តិធម៌ចាប់ចំចោរល្អៗ ក្នុងសង្គម ដែលពួកគេមិនបានប្រព្រឹត្តដូច នគរបាលចោទប្រកាន់នោះទេ ដូច្នេះ តុលាការត្រូវតែផ្តល់យុត្តិធម៌ដល់ចោរ ឲ្យបានល្អប្រសើរបែបនេះហើយ។
សមត្ថកិច្ច បានអះអាងថា ក្រុមចោរ សំណាង ទាំង ៣ នាក់ រួមមាន៖
-ទី១ ឈ្មោះ យឹម ភារុន ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចោរ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ (ជាចោរចាស់ ដែលកំពុងមានមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៤០១ដ.ច.ន ចុះថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៨ ចេញដោយលោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ)
-ទី២ឈ្មោះ កៅ ក្វេងហុង ហៅ ភួង សុវណ្ណារ៉ូ ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងថតរូប និងចោរក្រៅម៉ោង ស្នាក់នៅផ្ទះលេខ ៥A ផ្លូវលេខ ៣៣៤ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
-និងទី៣ ឈ្មោះ ម៉ន រតនៈ ហៅ ណាក់តូច ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ចោរ ស្នាក់នៅផ្ទះលេខ៩៤E២ផ្លូវលេខ១៣០ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឃាត់ខ្លួន ពួកគេ កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៨ ជាបន្តបន្ទាប់ ពាក់ព័ន្ធបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទ្រព្យសម្បត្តិ) ចំនួន ០៤ ករណី រួមមាន៖
-ករណីទី១ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូបស្ពាយពណ៌ផ្ទៃមេឃ ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២២៩ ផ្លូវព្រះនរោត្តម ភូមិ ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ០៥ និង៣៥ នាទី
ជនរងគ្រោះ
-ឈ្មោះ លីវ តៃហ័រ (LIU DAI HUA) ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ចិន
-កាន់លិខិតឆ្លងដែនលេខ EA ៤០៣២៩០៧
-មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៧ ផ្លូវលេខ៣២២ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរ ពាណិជ្ជករ
សម្ភារៈបាត់បង់
-កាបូបស្ពាយ ពណ៌ ផ្ទៃមេឃ ចំនួន ០១
-កូនកាបូបលុយពណ៌ ខ្មៅ ចំនួន០១
-លិខិតឆ្លងដែនលេខ EA ៤០៣២៩០៧ ចំនួន ០១ ក្បាល
-ប្រាក់ដុល្លារចំនួន ១០,០០០ ដុល្លារអាមេរិក
-កាតធនាគារចំនួន ០៧ សន្លឹក
-អាវយឺតកីឡាចំនួន ០២ ឈុត
-ករណីទី២ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូប ) ប្រព្រឹត្តនៅចំហៀងសណ្ឋាគារ TOKYO INN ផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៨ ខែ មេសា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៧ និង ៣០ នាទី
-ករណីទី៣ អំពើលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូបយួរដៃពណ៌ខ្មៅ ) ប្រព្រឹត្តនៅចំណុចផ្លូវលេខ ៦៣ មុខសណ្ឋាគារ សង់អាលីហ្សេ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៤ និង ២០នាទី ពីបុរសជនជាតិចិន កំពុងដើរម្នាក់ឯង ។
-និងករណីទី៤ អំពើលួច(ឆក់ទ្រព្រព្យសម្បត្តិ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ៧ ផ្លូវសុធារស ភូមិទី ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៨៕
មតិយោបល់