ព័ត៌មានជាតិ

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ស្នងការនៃស្នងការនគរបាលខេត្តកែបថ្មី

កែបៈ យោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងទាំងស្រុងថា៖ ពិធីប្រកាសផ្ទេរភារកិច្ច តែងតែងមុខតំណែង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកែបថ្មី ត្រូវបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្ត ក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងនៃគណៈអភិបាលខេត្តកែប ដោយមានការអញ្ជើញចូលរួមពីមន្ត្រីក្រោមឱវាទផងដែរ ។

តាមការប្រកាសរបស់ក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងលោកឧត្តមសេនីយ៍ត្រី បែន តារា ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកែប ជំនួសលោកឧត្តមសេនីយ៍ឯក អ៊ីង សំអុល ដែលត្រូវទៅកាន់ជាប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលវិញ។

មានប្រសាសន៍នាឱកាសនោះដែរ លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប បានថ្លែងអំណរគុណ និងកោតសរសើរដល់កងកម្លាំង នគរបាលខេត្តកែបទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំរើការងារយ៉ាងល្អ ប្រសើរជាពិសេសការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ។ លោកក៏បាន ផ្តាំផ្ញើដល់ស្នងការទើបកាន់តំណែងថ្មី និងមន្ត្រីនគរបាលទាំងអស់ ព្រមទាំងសមត្ថកិច្ចផ្សេងទៀត ត្រូវតែយកចិត្តទុកដាក់បន្ថែមទៀតលើការងារជំនាញរបស់ខ្លួន ត្រូវយកតួនាទីនេះ ទៅបំរើផលប្រយោជន៍ ប្រជាពលរដ្ឋ និងមានសាមគ្គីភាពល្អក្នុងអង្គភាពជាពិសេសត្រូវសហការឲ្យបានល្អជាមួយអង្គភាពពាក់ពន្ធ័។

លោកនាយឧត្តមសេនីយ៍ ប៉ែន វិបុល សូមឲ្យស្នងការថ្មីត្រូវយកចិត្តទុកដាក់ដឹកនាំបញ្ជារកម្លាំងនគរបាលប្រកបដោយតម្លាភាពដោយផ្អែកលើគតិយុត្តិធម៌។ ជំរុញ នគរបាល តាមបណ្តា អធិការក្រុងស្រុក ត្រូវបំរើការងារជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋអោយអស់ពីលទ្ធភាព ហើយត្រូវបើកវេទិការសាធារណៈជាមួយប្រជាពលរដ្ឋអោយបានញឹកញាប់ និងផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង៩ចំណុចអោយបានទូលំទូលាយ ។ ត្រូវធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះឲ្យបានជាប្រចាំ និងគ្រប់គ្រង ស្រាវជ្រាវមុខសញ្ញា ដែលមានដីកាចាប់ខ្លួន ដែលមានក្នុងភូមិសាស្ត្រ និងក្រៅភូមិសាស្ត្រ ដើម្បីធ្វើសកម្មភាពឆ្លើយតប ទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ពិសេសទៅទៀតនោះ លោកបានសង្កត់ធ្ងន់ទៅលើគោលការណ៍ទាំង៣ចំណុចដែលមន្ត្រីនគរបាលទាំងអស់ត្រូវតែអនុវត្ត គឺរួមគិត រួមធ្វើ និងរួមក្នុងការទទួលខុសត្រូវ៕

មតិយោបល់