ភ្នំពេញៈ ប្តីប្រពន្ធ២នាក់ រួមដំណើរនិងកូនតូច៣នាក់ទៀត បើករថយន្តមួយគ្រឿងបត់ឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន ត្រូវបានយុវជន២នាក់ជិះម៉ូតូមួយគ្រឿង ចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតបុកចំកង់ក្រោយខាងស្តាំដួលបណ្តាលឲ្យរងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមន្ទីរពេទ្យរ៉ូយាល់ ភ្នំពេញ តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញប្តីប្រពន្ធ២នាក់ រួមដំណើរនិងកូនតូច៣នាក់ទៀត បើករថយន្តហាយឡេនឌ័រមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-1247 តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃឆ្លងផ្លូវមកផ្លូវបេតុងម្ខាងទៀត ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកZoomer-X ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FX-0862 ជិះដោយយុវជន២នាក់ បញ្ច្រាស់ទិសដៅគ្នាពីលិចទៅកើត បុកចំកង់ខាងក្រោយចំហៀងខាងស្តាំដួលបោកនឹងថ្នល់រងរបួសទាំង២នាក់ បែកមុខនិងគ្រិចដៃជើង។ ចំណែករថយន្តនិងម៉ូតូរងការខូចខាតតិចតួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាអស់រយៈពេលជាងកន្លះ ម៉ោងទើបត្រូវគ្នាដោយខាងភាគីរថយន្តចេញសំណងទៅភាគីម៉ូតូចំនួន១០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
មតិយោបល់