ព័ត៌មានជាតិ

លួចទូរស័ព្ទបានហើយ ព្យាយាមរត់គេច តែគេចមិនរួច

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ទឹកថ្លាឃាត់ខ្លួន ខណៈ ព្យាយាមលួចទូរស័ព្ទសន្តិសុខធនាគារ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុចមុខធនាគារសហពាណិជ្ជ ស្ថិតតាមបណ្ដោយមហាវិថីសហពន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

នគរបាលប៉ុស្ដិ៍ទឹកថ្លាបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ យឹម មានី អាយុ១៤ឆ្នាំ មុខរបរសិស្សរៀនសាលាបឹងសាឡាងថ្នាក់ទី៦ ស្នាក់នៅផ្ទះជួលផ្សារបឹងឈូក សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ស្រុកកំណើតនៅតាកែវ។ ចំណែកម្ចាស់ទូរស័ព្ទមានឈ្មោះ ឃុត ទូច អាយុ២៧ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនMPA ស្នាក់នៅផ្ទះជួល ម្ដុំផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ស្រុកកំណើតភូមិក្រាំងកណ្ដាល ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់កំពុងយាមកាមនៅធនាគារខាងលើ ហើយបានដាក់ទូរស័ព្ទសាកថ្មជិតខ្លួន រួចប្រាសខ្លួនដេកបន្តិច ស្រាប់តែមានជនសង្ស័យខាងលើ បានជិះកង់មកបានធ្វើសកម្មភាពលួចទូរស័ព្ទរបស់គាត់ទៅ ហើយភ្លាមៗនោះមានបងប្អូនប្រជាជននៅម្ដុំនោះបានឃើញហើយស្រែកថា ចោរៗដេញតាមរហូតដល់មុខវិទ្យាល័យបូរី១០០ខ្នងទើបចាប់ខ្លួនបាន រួមប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លា ដើម្បីសាកសួរបន្ត៕

មតិយោបល់