ភ្នំពេញៈ មន្ត្រីនគរបាលប៉ុស្តិ៍ព្រែកឯងម្នាក់ បានរងរបួសត្រង់កដៃខាងស្តាំម្ខាងយ៉ាងធ្ងន់ធ្ងរ ខណៈដែលកំពុងជិះម៉ូតូល្បាត នៅក្នុងមូលដ្ឋានជាមួយ និងមន្ត្រីនគរបាលម្នាក់ទៀត ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១ និង ៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៨ ត្រង់ចំណុចមុខដីឡូត៍គ្មានលេខ ផ្លូវបេតុង ភូមិរបោះអង្កាញ់ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
បុរសរងគ្រោះមានឈ្មោះ ទឹម ដុង ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍ព្រែកឯង មានទីលំនៅក្នុងភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។ ចំណែកឯជនសង្ស័យមានឈ្មោះ សរ មករា ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករដឹកបន្លែ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
តាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ មន្ត្រីនគរបាលរងគ្រោះ និងមន្ត្រីនគរបាលមួយរូបទៀតឈ្មោះ ខាន់ កុម្ភៈ បាននាំគ្នាធ្វើការដើរល្បាត ក្នុងមូលដ្ឋានដូចសព្វដង លុះមកដល់ចំណុចខាងលើ ក៏ប្រទះឃើញជនសង្ស័យ កំពុងតែឈរជិតម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FU-៥៥៤០ មួយគ្រឿង។ ពេលនោះ ពួកគាត់ក៏បានហៅធ្វើការសួរនាំ និងត្រួតពិនិត្យទៅលើជនសង្ស័យរកឃើញ ក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀន ០១កញ្ចប់ថង់តូច អាវុធខ្លីជ័រ ១ដើម និងកាំបិតប៉័ងតោ១ កូនកន្ត្រៃ១ ដែកកេះ០២ ទូរស័ព្ទដៃ ម៉ាកណូគារ ០១គ្រឿង និងដង្កាប់១ ដែលជនសង្ស័យ លាក់ទុកនៅ ក្នុងការបូបស្ពាយរបស់គេ។
ភ្លាមនោះ ក៏ស្រាប់តែជនសង្ស័យ បានយកកាំបិតប៉័ងតោកាប់ទៅលើមន្ត្រីនគរបាល ត្រូវចំកដៃខាងស្តាំចំនួនមួយកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ ហើយក៏ត្រូវឃាត់ខ្លួនតែម្ដង។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
មតិយោបល់