ភ្នំពេញៈ រថយន្តដឹកសាំងរបស់ក្រុមហ៊ុន SAVIMEX មួយគ្រឿង បានបើកទៅកៀររថយន្តVistoមួយគ្រឿង និង បន្តទៅបុក រថយន្ត ម៉ាក Ford មួយគ្រឿងទៀត រងការខូចខាតយ៉ាងដំណំ ខណៈដែលបើកសុខៗដាច់ហ្រ្វាំងជាន់មិនជាប់នោះ សំណាងល្អ មិនបានបង្កឲ្យមានអ្នកណាម្នាក់រងរបួសឡើយ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១២ និង ៣០នាទីថ្ងៃត្រង់ ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៨ នៅត្រង់ចំណុចផ្លូវលេខ ៦៣ កែងនិងផ្លូវលេខ ៣៧០ ក្នុងសង្កាត់ បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តដឹកសាំងមួយគ្រឿង ព៌ណស ពាក់ស្លាកលេខ ភ្នំពេញ3B-7105 មួយគ្រឿងបើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចខាង លើ។បុរសអ្នកបើកបរក៏បានព្យាយាមជាន់ហ្វ្រាំងតែជាន់មិនជាប់ ក៏បានរេចង្កូតទៅកៀររថយន្តVisto ព៌ណទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AP-3990 មួយគ្រឿងជាប់ទៅនឹងចិញ្ចើផ្លូវ និង បន្តទៅបុករថយន្តម៉ាក Ford ព៌ណប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2AL-4978 មួយគ្រឿងទៀតបណ្តាលឲ្យរថយន្តទាំង ២គ្រឿងរងការខូចខាតយ៉ាងដំណំតែម្តង តែសំណាងល្អមិនបានបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសឡើយ។
ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋានក៏បានមកដល់កន្លែងកើតហេតុឲ្យធ្វើការដោះស្រាយគ្នា ដោយភាគីខាងរថយន្តដឹកសាំង យល់ព្រមយករថយន្តទាំង ២គ្រឿងដែលរងការខូចខាតទៅធ្វើការជួសជុលឲ្យ និងបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុផងដែរ៕









មតិយោបល់