កណ្តាលៈ ជនសង្ស័យចំនួន៤នាក់ ជាបុគ្គលិកម៉ាស្សា ត្រូវបានសមត្ថកិច្ចបង្ក្រាបនិងឃាត់ខ្លួនបាន កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ចំណុចបន្ទប់ផ្ទះជួលរបស់ឈ្មោះផន វិសាល ហៅតុ ភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ សាន រិទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល មុខរបរលក់ដូរ។
ចំណែកជនសង្ស័យរួមមាន៖
១-ឈ្មោះទូច ស្រីណា ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិគងជ័យ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តកំពង់ចាម ស្នាក់នៅផ្ទះជួល ភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល មុខរបរ បុគ្គលិកម៉ាស្សា (ឃាត់ខ្លួន) ។
២.ឈ្មោះ ផេង ស្រីណុច ភេទស្រី អាយុ២៦ឆ្នាំ នៅភូមិអណ្ដូងតាសី ឃុំព្រៃធ្លាក់ ស្រុកស្វាយរៀង ខេត្តស្វាយរៀង ស្នាក់នៅផ្ទះជួលភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរបុគ្គលិកម៉ាស្សា (ឃាត់ខ្លួន)
៣.ឈ្មោះ តុន មេត្តា ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិព្រៃកប្បាស ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ស្នាក់នៅជួលផ្ទះបើកកន្លែងម៉ាស្សា នៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរថៅកែម៉ាស្សា(ឃាត់ខ្លួន)
៤.ឈ្មោះ ផន វិសាល ហៅតុ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិត្រពាំងក្រូច ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ស្នាក់នៅផ្ទះជួលបើកកន្លែងម៉ាស្សា ភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរថៅកែម៉ាស្សា(ឃាត់ខ្លួន)។
ដកហូតវត្ថុតាងបាន ប្រាក់រៀល៣,០០០,០០០រៀល របស់ជនរងគ្រោះ និងប្រាក់ដុល្លារ៩០០ដុល្លាររបស់ជនរងគ្រោះ។
មុនពេលកើតហេតុ កន្លងមកជនសង្ស័យឈ្មោះ ផន វិសាល ហៅតុ និងឈ្មោះ តុន មេត្តា បានមកជួលផ្ទះឈ្មោះ ផល្លី បើកកន្លែងម៉ាស្សាដោយមានបុគ្គលិកស្រីចំនួន២នាក់ គឺជនសង្ស័យឈ្មោះ ផេង ស្រីណុច និងឈ្មោះ ទូច ស្រីណា ឯម្នាក់ទៀតឈ្មោះ ស្រីលក្ខ័ ជាប្រពន្ធរបស់ជនសង្ស័យឈ្មោះ ផន វិសាល ហៅតុ រស់នៅរកស៊ីកន្លែងនោះ។
តាមចម្លើយសារភាពពីជនសង្ស័យឈ្មោះ ផេង ស្រីណុច ថាខ្លួនបានទទួលការណែនាំពីជនសង្ស័យឈ្មោះ ផន វិសាល ហៅតុ និងជនសង្ស័យ តុន មេត្តា ជាថៅកែឲ្យធ្វើតាមពួកគេត្រូវឲ្យភ្ញៀវដោះសម្លៀកបំពាក់ចេញ ទុកខោលីអូនិងឲ្យស្លៀកកន្សែងពោះគោ ហើយឲ្យភ្ញៀវដេកផ្គាប់មុខ ដើម្បីធ្វើម៉ាស្សា។ ចំណែកខោអាវភ្ញៀវត្រូវយកទៅទុកនៅលើទូផ្ដៅចុងជើងជិតបង្អួចលួចលាក់ដែលជនសង្ស័យធ្វើសម្រាប់តែលួចលុយរបស់ជនរងគ្រោះ។
កន្លងមកកន្លែងម៉ាស្សាជនសង្ស័យនេះធ្លាប់ធ្វើសកម្មភាពលួចប្រាក់ជនរងគ្រោះចំនួន១០លើកមកហើយ។ លុះដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១០និង១០នាទីយប់ ជនសង្ស័យឈ្មោះ ផន វិសាល ហៅតុ កំពុងអង្គុយក្នុងបន្ទប់ជាមួយប្រពន្ធក៏ឃើញជនរងគ្រោះជិះម៉ូតូម៉ាកZoomer-X ចូលមកម៉ាស្សាដោយហៅជនសង្ស័យឈ្មោះ ទូច ស្រីណា ឲ្យម៉ាស្សានៅជិតបន្ទប់ជនសង្ស័យឈ្មោះ ផន វិសាល ហៅតុ។ ឃើញដូចនេះជនសង្ស័យឈ្មោះ ផន វិសាល និងឈ្មោះ តុន មេត្តា បានធ្វើសកម្មភាពលួចយកសោម៉ូតូជនរងគ្រោះដែលទុកក្នុងហោប៉ាវខោលើទូផ្ដៅតាមបង្អួចលួចលាក់ ដែលជនសង្ស័យបានធ្វើទុកមកចាក់កែបម៉ូតូជនរងគ្រោះរួចលួចយកលុយជនរងគ្រោះចំនួន៨០០ដុល្លារនិងប្រាក់រៀលចំនួន២,៨០០,០០០រៀល។ បន្ទាប់មកជនសង្ស័យទាំង២នាក់បានយកសោម៉ូតូទៅទុកក្នុងហោប៉ាវខោជនរងគ្រោះវិញ។ មួយសន្ទុះក្រោយមកជនរងគ្រោះបានចេញពីបន្ទប់ម៉ាស្សារួចជិះម៉ូតូទៅបាត់តែម្ដង។ លុះព្រឹកឡើងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៨ និង៣០នាទី ជនរងគ្រោះ បានមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ព្រែកអញ្ចាញ រួចចុះទៅដល់កន្លែងកើតហេតុទើបជនសង្ស័យឈ្មោះ ផន វិសាល និង តុន មេត្តា បានយកប្រាក់ចំនួន៩០០ដុល្លារ និងប្រាក់រៀលចំនួន៣,០០០,០០០រៀល មកប្រគល់ឲ្យមកសមត្ថកិច្ចយើង។
លុះនៅថ្ងៃដដែលវេលាម៉ោង៩ សមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យទាំង៤នាក់បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមុខកំពូលដើម្បីបន្ដចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕
មតិយោបល់