កណ្តាលៈ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ មានករណីបុរសម្នាក់លង់ទឹកស្លាប់ នៅមាត់ទន្លេមេគង្គ ភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ កង អូន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ។ មានប្រពន្ធឈ្មោះ គិត ស្រៀង អាយុ៥១ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិឃុំជាមួយគ្នា។
នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៣ ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៨ ជនរងគ្រោះបានចេញបាត់ពីផ្ទះមិនដឹងទៅណា(តាមការបំភ្លឺពីប្រពន្ធជនរងគ្រោះថា ជនរងគ្រោះជាមនុស្សហូបស្រាជាប្រចាំនិងមានជំងឺផ្នែកផ្លូវចិត្ត)។ លុះដល់ថ្ងៃកើតហេតុ ទើបក្រុមគ្រួសារបានប្រទះឃើញសាកសពជនរងគ្រោះអណ្តែតនៅក្នុងទឹកទន្លេមេគង្គចម្ងាយ១៥ម៉ែត្រពីមាត់ច្រាំងហើយបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំ។
បន្ទាប់មកសមត្ថកិច្ចជំនាញសហការជាមួយនគរបាលប៉ុស្តិ៍ អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យឃុំ ក្រុមគ្រួសារធ្វើការពិនិត្យសាកសព និងបានបញ្ជាក់ថា ៖ សាកសពពុំមានស្លាកស្នាមអ្វីគួរអោយកត់សំគាល់ឡើយ ។
សន្និដ្ឋាន៖ ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹក ។ក្រោយពិនិត្យរួចសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់