ភ្នំពេញៈ បុរសវ័យជាង២០ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមនចាប់បញ្ជូនទៅកាន់មន្ទីរសង្គមកិច្ច ក្រោយពីរូបគេបាន បែកថ្នាំយ៉ាងខ្លាំង ហើយនិងបានយកដុំថ្មដើរគប់ និង វាយគេឯងនៅតាមផ្លូវ និងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ។
ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ៩ និង ១៥នាទីព្រឹក ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវព្រះមិនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ខាងលើ ដោយមានអការៈបែកថ្នាំយ៉ាង ខ្លាំង បានដើរតាមផ្លូវស្រែកឡូឡា និង យកដុំថ្មដើរដេញវាយអ្នកតំណើរតាមផ្លូវ ដោយមិនមានអ្នកណាម្នាក់បានដឹងនិង ស្គាល់ឡើយ។ភ្លាមនោះក៏មានការភ្ញាក់ផ្អើលទៅដល់កម្លាំងមានសមត្ថកិច្ចខណ្ឌចំការមនបានចុះមកដល់ ដោយឃើញ បែបនោះក៏បាននាំគ្នាចាប់ចងរូបគេ ដើម្បីឈប់ឲ្យរូបគេដើរបង្កចលាចល និង អុកឡុកដល់គេឯងទៀតផងដែរ។
ក្រោយពេលកើតហេតុកម្លាំងមានសម្ថកិច្ចខណ្ឌចំការមនក៏បានធ្វើការចាប់បញ្ជូនបុរសញៀនថ្នាំម្នាក់ខាងលើ ទៅកាន់មន្ទីរ សង្គមកិច្ច ដើម្បីធ្វើការបន្សាបថ្នាំញៀន និង កំពុងតែធ្វើការស្រាវជ្រាវរកក្រុមគ្រួសាររបស់គេផងដែរ ហើយក្នុង ហេតុការណ៍នេះមិនបានបង្កឲ្យមានអ្នកណាម្នាក់រងគ្រោះថ្នាក់ឡើយ៕
មតិយោបល់