ភ្នំពេញៈ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធនធានធម្មជាតិ នៃក្រសួងបរិស្ថាន នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ បានបង្ហាញពីតួនាទីភារកិច្ចស្នូលរបស់ខ្លួន ដោយផ្តោតលើគោលដៅសំខាន់ៗចំនួន៣ គឺ កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចិរភាព។
លោក ស៊ី រ៉ាមុនី្ន អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធនធានធម្មជាតិ បានថ្លែងឱ្យនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ ”ស្តីពីសម្បទានដីសេដ្ឋកិច្ចនៅកម្ពុជា” ដែលបានធ្វើនៅទីស្នាក់ការកណ្តាលអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាថា ដើម្បីសម្រេចគោលដៅទាំង៣ ខាងលើបាន ក្រសួងបរិស្ថាន បានកំណត់អាទិភាពចម្បងៗមានដូចជា ការកែសម្រួលរចនាសម័្ពន្ធគ្រប់គ្រង ការកែលម្អក្របខណ្ឌគតិយុត្ត ការកសាងនិងពង្រីកសមត្ថភាពមន្រ្តីរាជការ ការត្រួតពិនិត្តការបំពុល ការគ្រប់គ្រងសំណល់រឹង និងរាវ ការពង្រឹងសកម្មភាពការពារ និងអភិរក្សតំបន់ការពារ និងអភិរក្សធម្មជាតិ ក៏ដូចជាការគ្រប់គ្រងគម្រោងវិនិយោគអភិវឌ្ឍន៍ឱ្យកាន់តែមានប្រសិទ្ធភាព។
មន្រ្តីជំនាញរូបនេះបន្តថា ក្រសួងបានចូលរួមជាមួយគណៈកម្មការអន្តរក្រសួងត្រួតពិនិត្យ និងវាយតម្លៃគម្រោងវិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ចទាំងអស់ សរុបចំនួន១១៣ក្រុមហ៊ុន មានផ្ទៃដីទំហំ៦៤៦,២៩៦.៧៥ហិកតា និងបានលើកសំណើរជូនរដ្ឋាភិបាលដើម្បីពិនិត្យ និងសម្រេចលទ្ធផលគួរជាទីពេញចិត្ត។
គួររំលឹកថា កន្លងមករាជរដ្ឋាភិបាលបានដកហូតសិទ្ធវិនិយោគចំនួន២៣ក្រុមហ៊ុន មានផ្ទៃដីសរុបទំហំ៩០,៦៨២ហិកតា។ គម្រោងស្ម័គ្រចិត្តប្រគល់ដីវិនិយោគជូនរដ្ឋាភិបាលវិញមានចំនួន០៤ ក្រុមហ៊ុន មានផ្ទៃដីសរុបទំហំ ៣២,២៨៧ហិកតា ក្នុងគម្រោងទាំងនេះមានគម្រោង២គឺ ក្រុមហ៊ុនទ្រីភាព អ៊ីមផត អិចផត ផ្ទៃដីទំហំ ៩,៧០៩ហិកតា និងក្រុមហ៊ុន MDS THMORDA S.E.Z Co., Ltd ផ្ទៃដីទំហំ ៩,១៤៦ហិកតា ហើយរាជរដ្ឋាភិបាលសម្រេចឱ្យក្រុមហ៊ុនកែប្រែកិច្ចសន្យា សម្បទានដីវិនិយោគអភិវឌ្ឍន៍លើផ្ទៃដីទំហំ៤,០០០ហិកតា ដោយបន្ថយរយៈពេលមកត្រឹម៥០ឆ្នាំ។ រីឯផ្ទៃដីនៅសល់ ប្រគល់ដោយស្ម័គ្រចិត្តជូនក្រសួងបរិស្ថានវិញ និងមានគម្រោងជាច្រើនទៀត ត្រូវរាជរដ្ឋាភិបាលសម្រេចកាត់បន្ថយការវិនិយោគ និងសម្រេចឱ្យអនុវត្តលើផ្ទៃដីដែលបានដោះស្រាយរួច។
លើសពីនេះក៏មានការផ្ទេរ និងផ្លាស់ប្តូរការគ្រប់គ្រងតំបន់ការពារ និងអភិរក្សជាច្រើនរវាងក្រសួងកសិកម្ម និងក្រសួងបរិស្ថាន ដើម្បីឱ្យការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងមានចិរភាព។
ទាក់ទិននិងការចេញផ្សាយរបាយការណ៍របស់អង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) លោកបង្ហាញពីការសោកស្តាយដែលកង្វះទំនាក់ទំនង និងការជឿទុកចិត្តមកលើក្រសួងជំនាញដែលពាក់ព័ន្ធ មានទិន្នន័យមួយចំនួនចេញយឺតពេល និងប្រើប្រាស់ពាក្សមួយចំនួនមិនត្រឹមត្រូវបានការកំណត់របស់ក្រសួងពាក់ព័ន្ធ ពិសេសក្រសួងបរិស្ថាន និងក្រសួងកសិកម្ម៕
មតិយោបល់