ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ធ្លាយរឿងប៉ុស្ដិ៍លេខ៥ ដកអាលីហ្សា ពីតួឯក

ភ្នំពេញៈ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងថា ខ្សែរឿង «ហង្សបាក់ស្លាប» ដែលទើបនឹងក្រុងពាលីយ៉ាងគគ្រឹគគគ្រេងប្រកាសថា តារាចម្រៀងនាង អ៊ុន អាលីហ្សា គឺជាតួឯកស្រី ស្រាប់តែត្រូវផ្លាស់ប្ដូរ។ នេះជាព័ត៌មានរសើបថ្មី បន្ទាប់ពីបណ្ដាសារព័ត៌មានក្នុងស្រុក ស្ទើរតែគ្រប់ស្ថាប័នបានសរសេរថា អាលីហ្សា គឺជាតារាដែលបានឡើងកូដជាថ្មី តាមរយៈឱកាសបានសម្ដែងជាតួឯកនៅក្នុងរឿងភាគ ដែលចំណាយការផលិតដោយក្រុមផលិតករថៃ តែបែរជាមានដំណឹងដូរចេញបែបនេះ។

ផលិតករមួយរូប ប្រចាំនៅប៉ុស្ដិ៍លេខ៥ បានអះអាងថា អាលីហ្សា ត្រូវបានប្ដូរចេញហើយ ប៉ុម្តែមិនមែនបណ្ដាលមកពីនាងសម្ដែងមិនសមនឹងតួឯកប្រុស ដែលមានវ័យក្មេង ឬបណ្ដាលមកពីនាងសម្ដែងជាក់ស្ដែងមិនបានល្អតាមការចង់បាននោះទេ។ ប៉ុន្តែបញ្ហាដែលបានកើតឡើង គឺបណ្ដាលមកពីនាងជាប់តេស្ដទៅច្រៀងនៅក្រៅប្រទេស ក្នុងពេលដែលខាងផលិតករមិនអាចថតឈុតខ្លះ ហើយរង់ចាំឲ្យនាងមកវិញ ទើបបន្តថតបញ្ចប់បាន។ លោកថា អាលីហ្សា ត្រូវបានសម្រេចដូរចេញ បន្ទាប់ពីនាងបានលើកហេតុផលមកប្រាប់វិញថា នាងបានជាប់កិច្ចសម្ភាសន៍ ហើយត្រូវទៅច្រៀងនៅក្នុងប្រទេសមួយរហូតដល់ច្រើនសប្ដាហ៍។

មិនខុសគ្នានេះដែរ កញ្ញា អាលីហ្សា បានបញ្ជាក់យ៉ាងខ្លីថា នាងពិតជាត្រូវគេដូរចេញមិនឲ្យបន្តការសម្ដែងក្នុងរឿង «ហង្សបាក់ស្លាប» ដែលបានប្រកាសឡើងមែន ប៉ុន្តែមិនមែនដោយសារតែគេមិនពេញចិត្តទេ គឺដោយសារតែនាងដាក់សំណើសុំឈប់តែម្ដង ដើម្បីកុំឲ្យជាន់គ្នាជាមួយនឹងការសម្ដែង។

មានការប៉ាន់ស្មានថា បើទោះជាអាលីហ្សាទទួលបានឱកាសចេញច្រៀងក្រៅ ជំនួសឲ្យឱកាសទទួលបានតំណែងតួឯកក្នុងរឿង «ហង្សបាក់ស្លាប» របស់ផលិតករថៃនេះ ក៏មិនទទួលបានឱកាសដូចគ្នាដែរ ដោយសារតែការទទួលបានតំណែងជាតួឯកនឹងជួយឲ្យនាងលេចធ្លោរក្នុងស្រុក ខ្លាំងជាងចេញច្រៀងខាងក្រៅ និងអាចធ្ងើឲ្យប៉ះពាល់ដល់នាងផងដែរ បន្ទាប់ពីខ្សែរឿងនេះ ត្រូវបានប្រកាសថា នាងជាតួឯកមិនទាន់បានប៉ុន្មានថ្ងៃផង ក៏ត្រូវដោះដូរភ្លាម។

ប៉ុន្តែគេនៅតែយល់ឃើញថា នាងនឹងទទួលបានឱកាសតួឯកជាថ្មី បើទោះជានាងធ្វើឲ្យផលិតករថៃ បាក់មុខ ព្រោះតែបានសម្រេចឲ្យដើរតួឯកហើយ បែរជាត្រូវចេញក្រៅស្រុកមិនអាចទទួលការថតតាមការគ្រោងទុក។ យ៉ាងណាមិញ អាលីហ្សា ធ្លាប់បានប្រកាសថា នោះមកពីខាងអ្នកធានាឲ្យចេញច្រៀងក្រៅស្រុកស្ងាត់យូរហើយមិនច្បាស់ថា នឹងបានទៅ ទើបធ្វើឲ្យនាងទទួលសម្ដែងនៅប៉ុស្ដិ៍លេខ៥៕

មតិយោបល់