ព័ត៌មានជាតិ

Update៖ NAVARA ពន្លះទ្រូងផ្លូវបាក់១កង់ ផ្លោងក្រឡាប់ផ្ងារជើងទាំងកណ្តាលថ្ងៃត្រង់

ភ្នំពេញៈ រថយន្តមួយគ្រឿងម៉ាក NAVARA បើកក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន រេចង្កូតជ្រុកទៅបុករនាំងថ្មចែកទ្រូវផ្លូវ បាក់ខ្ទាតចេញមួយកង់ រថយន្តក្រឡាប់ផ្ងារជើងខូចខាតយ៉ាងដំណំ ចំណែកអ្នកបើករបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខគំនរខ្សាច់មួយកន្លែង តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក NAVARA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AB-6474 បើកដោយបុរសវ័យចំណាស់ម្នាក់ មិនត្រូវបានស្គាល់ឈ្មោះនោះទេរងរបួសស្រាល។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កខាងលើបើកក្នុងល្បឿនយ៉ាងលឿនទិសដៅពីជើងទៅត្បូង ខណៈមកដល់កន្លែងកើតហេតុមិនដឹងយ៉ាងម៉េច ក៏រេទៅឆ្វេងដៃបណ្តាលឲ្យជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បាក់ខ្ទាតចេញអស់មួយកង់និងមួយកង់ទៀតវៀចឃ្លាតចាកទីបន្តិច ។ រថយន្តក្រឡាប់ផ្ងារជើង និងរងការខូចខាតកំណាត់មុខយ៉ាងដំណំ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុនិងបានទាក់ទងសមត្ថកិច្ចចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរារណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយនៅពេលក្រោយ៕

មតិយោបល់