ភ្នំពេញៈ សមត្ថកិច្ចប៉ុស្តិ៍នគរបាលប៉ុស្តិ៍ចោមចៅ២ បានធ្វើការចាប់ខ្លួនគ្រូស្នេហ៍ម្នាក់ រួមនិងស្ត្រីជាប្រពន្ធផងដែរ បន្ទាប់ពីស្ត្រីម្នាក់បានចោទប្រកាន់ថា ប្ដីប្រពន្ធដែលជាគ្រូស្នេហ៍ខាងលើបានដឹកនាងតាមរថយន្តនាំចូលទៅកាន់ផ្ទះសំណាក់មួយ។ បន្ទាប់មកបុរសជាប្ដីបានរំលោភសេពសន្ថវៈនាងរហូតបានសម្រេច ហើយមិនអស់ចិត្ត បានបង្គាប់ឲ្យប្រពន្ធរបស់ខ្លួនបៀតបៀនកេរ្តិ៍ខ្មាសថែមទៀត។ ខណៈដែលនាងទៅពឹងគ្រូរូបនោះឲ្យជួយដាក់ស្នេហ៍ ដើម្បីឲ្យប្ដីស្រឡាញ់ កុំឲ្យប្ដីបែកចិត្តទៅមានស្រីក្រៅពីរូបនាងនោះ។
ស្ត្រីរងគ្រោះរូបនេះបានរៀបរាប់ប្រាប់ឲ្យនគរបាលដឹងថា ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីយប់ ថ្ងៃទី២៦ សីហា ឆ្នាំ២០១៨ នៅក្នុងផ្ទះសំណាក់មួយយីហោ (ពេជ្រលាភ) ដែលមានទីតាំងស្ថិតនៅក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ។ ភ្លាមៗនោះ នាងមិនបានគិតដល់ថា ត្រូវចាញ់បោកគ្រូប៉ោកនោះឡើយ ទើបមិនបានប្ដឹងភ្លាមៗ លុះរហូតមកដល់ថ្ងៃទី៣១ សីហា ឆ្នាំ២០១៨ ទើបស្ត្រីនាងភ្ញាក់ខ្លួនព្រើតថាត្រូវចាញ់បោកគ្រូ២នាក់ប្ដីប្រពន្ធខាងលើ ហើយក៏បានដាក់ពាក្យប្ដឹងសុំឲ្យនគរបាលប៉ុស្តិ៍ចោមចៅ២ជួយអន្តរាគមន៍ចាប់ខ្លួនគ្រូបោកទាំង២នាក់នេះតែម្ដង។
តាមនគរបាលបានឲ្យដឹងថា ជនសង្ស័យខាងលើនោះប្ដីឈ្មោះចាន់ ឈាន អាយុ៣៦ឆ្នាំ ជាគ្រូស្នេហ៍ផងនិងជាអ្នកលាងម៉ូតូផង មានប្រពន្ធឈ្មោះឈា ណូន អាយុ៣១ឆ្នាំ ជាលាងម៉ូតូដែរ អ្នកទាំង២នាក់នេះ ស្នាក់នៅផ្ទះជួលស្ថិតនៅក្នុងភូមិថ្មគោល២ សង្កាត់ ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ដោយឡែក ស្ត្រីរងគ្រោះអាយុ២៩ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅខណ្ឌពោធិ៍សែនជ័យ។
នាងកម្មការិនីរងគ្រោះបាននិយាយថា នាងមានប្ដីរួចទៅហើយប៉ុន្តែប្ដីនាងហាក់ប្លែកខុសពីពេលមុនមិនសូវរវីរវល់ជាមួយរូបនាងសោះ ដែលសង្ស័យថា ប្ដីលួចលាក់មានស្រីក្រៅក្បត់ចិត្តនាង។ ដោយសារតែបែបនេះទើបនាងស្វះស្វែងរកគ្រូមន្តអាគមន៍ដើម្បីដាក់ស្នេហ៍បន្ទន់ចិត្តលោកប្ដីឲ្យឈប់គិតស្រីក្រៅហើយងាកមកស្រឡាញ់រូបនាងកាន់តែខ្លាំងវិញ។
ដោយឡែក នៅមុនពេលកើតហេតុខណៈដែលនាងកំពុងស្វែងរកគ្រូស្នេហ៍ស្រាប់តែមានស្ត្រីម្នាក់ទៀតឈ្មោះលូត ផល្លា ដែលជាមិត្តភក្តិរបស់នាងបានប្រាប់ថាបានស្គាល់គ្រូស្នេហ៍ម្នាក់ឈ្មោះចាន់ ឈាន និងប្រពន្ធឈ្មោះឈា ណូន ខ្លាំងពូកែណាស់ ហើយកន្លងមកស្ត្រីដែលត្រូវប្ដីបែកចិត្តតែងតែទៅរកគ្រូម្នាក់នោះដាក់ស្នេហ៍ឲ្យប្តីស្រឡាញ់និងវិលមករកខ្លួនវិញយ៉ាងមានប្រសិទ្ធិភាពបំផុត។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីឮបែបនេះនាងក៏បានពឹងពាក់ឲ្យស្ត្រីឈ្មោះលូត ផល្លា បាននាំនាងទៅកាន់ផ្ទះគ្រូស្នេហ៍ខាងលើស្ថិតនៅក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅ២ ហើយបានបន្ទាប់ពីបានជួបនិយាយគ្នាជាមួយគ្រូប៉ោកត្រឡិននោះរួច ស្ត្រីឈ្មោះលូ ផល្លា បានត្រឡប់ទៅផ្ទះមុនបាត់ហើយដោយទុកឲ្យនាងបានស្ថិតនៅផ្ទះគ្រូនោះម្នាក់ឯង។
បន្ទាប់មកគ្រូស្នេហ៍រូបនេះនិងប្រពន្ធបានបាំនាងជិះរថយន្តម៉ាកកូរ៉ូឡា១គ្រឿងចេញពីផ្ទះទៅកាន់ផ្សារត្រពាំងថ្លឹងហៅផ្សារយាយម៉េវ ដើម្បីទិញសម្ភារះផ្សេងសម្រាប់ធ្វើពិធីបញ្ចុះស្នេហ៍សារិកាលិនថោង ។លុះទិញរួចរាល់ ក៏បាននាំនាងឡើងជិះរថយន្តដោយគ្រូបោករូបនោះគឺជាអ្នកបើកបរ ប៉ុន្តែមិនបានត្រឡន់ទៅផ្ទះវិញទេ បែរជាបើកទៅកាន់ផ្ទះសំណាក់ មួយយីហោ«ពេជ្រលាភ»ដែលមានទីតាំងស្ថិតនៅក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ទៅវិញ។
ស្ត្រីខាងលើបានបញ្ជាក់បន្ថែមទៀតថា នៅពេលចូលទៅដល់ក្នុងបន្ទប់ផ្ទះសំណាក់ គ្រូមន្តអាគមន៍រូបនេះបានរៀបចំធ្វើពិធី ដោយប្រាប់ឲ្យនាងស្រាតសម្លៀកបំពាក់ចេញឲ្យអស់ពីខ្លួន។ចំណែកគាត់និងប្រពន្ធរបស់គាត់ក៏បានស្រាតសម្លៀកបំពាក់អស់ដែររួចបង្គាប់ឲ្យនាងឡើងអង្គុយពីលើ ហើយក៏បានរំលោភនាងរហូត បានសម្រេចនៅនឹងមុខប្រពន្ធរបស់ខ្លួនដែលកំពុងឈរមើលនោះតែម្ដង។ លុះក្រោយពីរំលោភនាងរួចគ្រូនេះមិនឲ្យនាងស្លៀកសម្លៀកបំពាក់វិញឡើយបានបង្គាប់ឲ្យនាងដេករួចបង្គាប់ឲ្យប្រពន្ធរបស់ខ្លួនបៀតបៀនកេរ្តិ៍ខ្មាស ដោយគ្រូនោះនិយាយថាការធ្វើបែបនេះទើបមន្តអាគមន៍ដែលដាក់ស្នេហ៍ទៅលើប្ដីស័ក្ដិសិទ្ធិបានតាមបំណង។
ប្រភពខាងលើបានរៀបរាប់បន្តឲ្យដឹងទៀតថា ក្រោយពីប្ដីរំលោភនិងប្រពន្ធបៀតបៀនកេរ្តិ៍ខ្មាសនាងអស់ចិត្តហើយ ទើបគ្រូបោកនិងប្រពន្ធនាំចេញពីផ្ទះសំណាក់ជិះរថយន្តដឹកនាងត្រឡប់ទៅផ្ទះវិញ ។ ខណៈនោះភ្លាមៗនាងហាក់មិនបានគិតដល់ថា ត្រូវចាញ់បោកគ្រូនោះឡើយព្រោះអារម្មណ៍គិតតែម្យ៉ាងគត់គឺធ្វើបែប ណាឲ្យតែប្ដីស្រឡាញ់បោះបង់ស្រីក្រៅ។ លុះ៥ថ្ងៃក្រោយមកគឺនៅថ្ងៃទី៣១ ខែសីហា ទើបភ្ញាក់ខ្លួនថា ចាញ់បោកគ្រូនេះហើយក៏បានប្ដឹងនគរបាលឲ្យចាប់ខ្លួនទាំងប្ដីទាំងប្រពន្ធដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
មតិយោបល់