ព័ត៌មានជាតិ

អីយ៉ាស់! ភេទទី៣ លក់គ្រឿងញៀន!

កណ្តាលៈ មុខសញ្ញាលក់គ្រឿងញៀនយ៉ាងសកម្មម្នាក់ប្រចាំស្រុកស្អាង បានត្រូវនគរបាលស្រុកស្អាងដឹកនាំដោយ លោកវរសេនីយ៍ សេង សុជាតិ អធិការស្រុកស្អាង សហការជាមួយកម្លាំងព្រហ្មទណ្ឌ ធ្វើការឃាត់ខ្លួនបាន រួមនិងថ្នាំញៀន២០កញ្ចប់ ខណៈដែលមុខសញ្ញា កំពុងរៀបចំលក់។

ហេតុការណ៍ចុះឃាត់ខ្លួននៅ ថ្ងៃអង្គារ ០៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ០៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល នៅចំណុច មុខផ្ទះរបស់ឈ្មោះ ស្ងួន វាសនា ហៅស្នា ស្ថិតក្នុងភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

លោកវរសេនីយ៍ សេង សុជាតិ អធិការស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស្ងួន វាសនា ហៅ ស្នា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ថ្នាំញៀន ទីលំនៅបច្ចុប្បន្ន ភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ វត្ថុតាងចាប់យក១ ម្សៅក្រាមពណ៌ស សង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ២០កញ្ចប់តូច និងឧបករណ៍វេចខ្ចប់ប្រើប្រាស់មួយចំនួន។

លោកអធិការបញ្ជាក់ថា នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណី ជួញដូរគ្រឿងញៀន នៅចំណុចភូមិ តាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលក្រាំងយ៉ូវ បានទៅដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យជនសង្ស័យឈ្មោះ ស្ងួន វាសនា ហៅស្នា បានរកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ២០កញ្ចប់តូច នៅនឹងខ្លួន រួចឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលក្រាំងយ៉ូវ ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ស្ងួន វាសនា ហៅស្នា បានសារភាពថា គ្រឿងញៀន(ម៉ាទឹកកក)ចំនួន១កញ្ចប់ធំ ខ្លួនបានទិញពីស្រីម្នាក់ មិនស្គាល់ឈ្មោះ នៅចោមចៅ រាជធានីភ្នំពេញ តម្លៃ៥០,០០០០រៀល យកមកអោយខ្លួនដល់ផ្ទះ ដើម្បីវេចខ្ចប់លក់បន្ត ក្នុង១កញ្ចប់តូច តម្លៃ៣ម៉ឺនរៀល។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់