ព័ត៌មានជាតិ

បុគ្គលិកធនាគារប៊ីអេកម្នាក់ បើករថយន្តប៉ះជាមួយគោយន្ត រងរបួសធ្ងន់ម្នាក់!

ព្រះសីហនុ: កាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងគោយន្ត នៅលើផ្លូវជាតិលេខ៤ ​ចន្លោះគីឡូម៉ែត្រលេខ១៣៨​-១៣៩ ភូមិបឹងត្រាច ឃុំចម្ការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

រថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ ភ្នំពេញ 2AS-0281 បើកបរដោយឈ្មោះ ឌុន វុធធឿន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិកធនាគារប៊ីអេក រស់នៅភ្នំពេញ បើកបរ​​ពីភ្នំពេញទៅខេត្តព្រះសីហនុ​លុះមកដល់ចំណុចកើតុហេតុ​បានប៉ះ​គោយន្តដែលរៀបឆ្លង​ផ្លូវក្នុងទិសដៅបញ្ច្រាសគ្នា បើកដោយឈ្មោះ សុក ខុន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិឃុំ បណ្តាលឲ្យអ្នកបើកគោយន្តរងរបួសធ្ងន់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ជួយសង្គ្រោះជនរងគ្រោះលើកដាក់លើរថយន្តនាំទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល។

ចំណែកវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកកំពង់សីលាបន្តតាមនិតិវិធី៕

មតិយោបល់