បន្ទាយមានជ័យៈ ដោយមានការសង្ស័យពីការបើកលក់គ្រឿងបន្លាស់រថយន្តមិនបានបង់ពន្ធទើបនៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងគយចល័តនៃការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥បានចុះប្រតិបត្តិការឆែកឆេរឃ្លាំងស្តុកគ្រឿងបន្លាស់ដ៏ធំមួយដែលមានយីហោ អ៊ឹង លាងប៉ូច(ហៅពត)ស្ថិតនៅចំនុចភូមិបីសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ។
ប្រតិបត្តិការឆែកឆេរនេះធ្វើឡើងក្រោមដឹកនាំរបស់លោក ឈួន សោភាប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥នឹងសម្របសម្រួលដោយលោក មាស ចន្ទ័ពិសិដ្ឋ ព្រះរាជ្ញាអមអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យ។
ទីតាំងឃ្លាំងដែលរងការឆែកឆេរខាងលើប្រភពព័ត៌មានបានខ្សឹបខ្សាវថាជាច្រើនអណត្តិមេគយខេត្តមកហើយនិងជាច្រើនអណត្តិមេគយចល័តក្រសួងគឺមិនដែលមានការត្រួតពិនិត្យរឺឆែកឆេរម្តងណាទេ និយាយរួមគឺការបើកលក់របស់ថៅកែក្រុមហ៊ុនប្រព្រឹត្តទៅយ៉ាងរលូននិងសុខសាន្តបំផុត ។ ភាពសុខសាន្តនេះទំនងជាមានការទំនងល្អរវាងគយក្រសួងនិងគយខេត្តជាមួយថៅកែឃ្លាំង អ៊ឹង លាងប៉ូចហៅពត។ ប្រភពក៏បានបញ្ជាក់បន្ថែមផងដែរថា ក្រុមហ៊ុនរបស់ឈ្មោះ អ៉ឹង លាងប៉ូច ហៅ ពត មានឃ្លាំងស្តុកជាច្រើនកន្លែងទៀតមិនមែនមានតែឃ្លាំងពីរដែលកំពុងឆែកឆេរនេះទេ ហើយទំនិញក្នុងឃ្លាំងទាំងអស់ភាគច្រើនមិនបានបង់ពន្ធនាំចូលមាត់ច្រកគ្រប់ចំនួនជូនរដ្ឋនោះទេ។
សូមបញ្ជាក់ដែរថាប្រតិបត្តិការឆែកឆេរនាព្រឹកនោះ គយបានរកឃើញទំនិញជាច្រើនប្រភេទក្នុងឃ្លាំងដែលមិនមានបិទតែមគយនាំចូលពីតាមមាត់ច្រក ហើយការរកឃើញនេះអាចនិងមានការផាកពន័យធ្ងន់ធ្ងរលើទំនិញដែលមិនបានបង់ពន្ធ។
អ្នកឃើញហេតុការណ៍នៃការឆែកឆេររប់ក្រុមមន្ត្រីគយល័តបានសាទរចំពោះចំណាត់ការនេះ ប៉ុន្តែក៏សំណូមពរសូមអោយបន្តធ្វើដូចភ្លៀងរលឹមព្រោះខេត្តបន្ទាយមានជ័យជាខេត្តដែលមានច្រករបៀងច្រើន ហើយអ្នករកស៊ីរត់ពន្ធក៏ច្រើនពិសេសឃ្លាំងស្តុកទំនិញដែលគេចពន្ធក៏ច្រើនដែរ ដើម្បីបង្កើនថវិកាពន្ធចូលរដ្ឋអោយកាន់កើនទ្វេរថែមទៀត៕








មតិយោបល់