ភ្នំពេញៈ សពនារីម្នាក់វ័យប្រមាណ២០ឆ្នាំ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកស្រះនៅក្នុងវត្តនាគវ័ន្តបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចស្រះទឹកក្នុងវត្តនាគវ័ន្ត ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមសម្តីពីលោកអ៊ុំម្នាក់មានឈ្មោះ ជុង សុខនី អាយុ៤៥ឆ្នាំ ដែលជាអ្នកមើលថែរក្សានៅក្នុងវត្តបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុខពេលកើតហេតុគាត់បានដើរល្បាតត្រួតពិនិត្យសន្តិសុខសុវត្ថិភាពក្នុងបរិវេណវត្តខាងលើ រួចគាត់ក៏បានទៅសំរាកនៅលើអង្រឹងនៅក្បែរវិហារ។ លុះដល់វេលាកើតហេតុក៏ស្រាប់តែមានក្មេងប្រុសម្នាក់ឈ្មោះ មែន បានរត់មកប្រាប់គាត់ថាឃើញសពអណ្តែតទឹកស្រះកើតហេតុខាងលើ ហើយគាត់មិនជឿនេះទេ តែដោយមិនអស់ចិត្តគាត់ក៏បានដើរទៅមើលហើយក៏បានឃើញសាកសពអណ្តែតទឹកស្រះពិតប្រាកដមែន ។ បន្ទាប់មកគាត់ក៏បានរត់ទៅហៅប្រជាការពារភូមិឲ្យទាក់ទងទៅសមត្ថកិច្ចឲ្យចុះមកត្រួតពិនិត្យនៅកន្លែងកើតហេតុ។
ប្រភពដដែលបន្តសាកថាសពនារីអណ្តែតខាងលើ គឺមានសតិមិនគ្រប់នេះទេ ហើយរយៈពេល២ទៅ៣ខែកន្លងមកនេះ គឺតែងតែឃើញនាងមកអង្គុយលេងនៅក្នុងបរិវេណវត្តជារៀងរាល់ថ្ងៃ ប៉ុន្តែមិនដឹងផ្ទះសម្បែងនៅឯណានោះទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញកោសល្យវិច័យបានចុះមកដល់កន្លែងកើតហេតុ ហើយបានស្រង់សាកសពនារីខាងលើយកមកលើគោកដើម្បីត្រួតពិនិត្យ បន្ទាប់ពីពិនិត្យរួចឃើញថាសពនារីខាងលើពិតជាស្លាប់ដោយសារតែការលង់ទឹកពិតប្រាកដមែន។ បច្ចុប្បន្នសពនារីខាងលើត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់នៅវត្តទឹកថ្លាដើម្បីរកចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕










មតិយោបល់