ព័ត៌មានជាតិ

ថៅកែ​ឃ្លាំង​ស្តុក​ភេសជ្ជៈ​ម្នាក់​ ខឹង​គេ​ស្រែក​ថាឲ្យ បើករថយន្ត​បំ​បុក​ម៉ូតូ​និង​ប្រជាពលរដ្ឋ

ភ្នំពេញៈ បុរស​ម្នាក់​ដែលគេដឹងថាជាថៅកែឃ្លាំងស្តុក ភេសជ្ជៈ បានបើករថយន្ត​លឿន​ក្នុងភូមិ ខឹង​អ្នក​ភូមិ​ស្រែ​កថា​ឲ្យ បាន​ថយ​រថយន្ត​បើក​បំ​បុក និង​កិន​ម៉ូតូ​រង​ការ​ខូចខាត​អស់​ចំនួន​២​គ្រឿង បណ្តាល​ឲ្យ​បុរស​ម្នាក់​រង​របួសធ្ងន់ ។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​២៥​នាទី​យប់​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៨ នៅ​ផ្លូវលំ មុខ​ផ្ទះ​ដី​ឡូត៍​លេខ​១១ ស្ថិត​នៅ​ភូមិ ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​បង្ក​ខាងលើ​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AQ-2317 បើកបរ​ដោយ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​ថៅកែ​ឃ្លាំង​ស្តុក​ភេសជ្ជៈ ។ ចំណែក​ម៉ូតូ​ដែល​រង​ការ​ខូចខាត​ទាំង​មាន​២​គ្រឿង​រួម​មាន​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ និង​មួយ​គ្រឿង​ទៀត ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស RX300 ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ជា​ថៅកែ​ឃ្លាំង​ស្តុក​ភេសជ្ជៈ មាន​ទីតាំង​ជិត​កន្លែង​កើតហេតុ​ខាងលើ បើក​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុងល្បឿន​​យ៉ាង​លឿន លុះ​​មក​ដល់​ចំណុច​មុខ​ផ្ទះ​ខាងលើ​មាន​ម៉ូតូ​២​គ្រឿង​ដែល​ចត​ខាង​មុខ បន្ទាប់​មក​ប្រជាពលរដ្ឋ​បាន​ស្រែក​ប្រាប់​អ្នកបើកបរ​រថយន្ត​ខាងលើ​ថា​ «​កុំ​ឲ្យ​បើក​លឿន​ពេក ក្រែង​ប៉ះពារ​គេឯង​ ព្រោះ​ផ្លូវលំ​ផង​» ។

ប្រភព​ដដែល​បាន​បន្ត​ថា អ្នកបើកបរ​រថយន្ត​ខាងលើ​ដែល​ធ្លាប់តែ​បើករថយន្ត​ក្នុង​ល្បឿន​លឿន​នោះ​ខឹង បាន​ឈប់​រថយន្ត​ហើយ​បើក​ចម្រៀង​ក្នុង​រថយន្ត​ឮ​យ៉ាង​ខ្លាំង​ៗ ពេលនោះ​​ប្រជាពលរដ្ឋ​យ៉ាងច្រើន​បាន​ជួយ​និយាយ​កុំ​ឲ្យ​មាន​បញ្ហា​នៅ​កន្លែង​កើតហេតុ ស្រាប់តែ​អ្នកបើកបរ​រថយន្ត​នោះ​បាន​បើករថយន្តរ​យ៉ែ​ថយក្រោយ ហើយ​បើក​បំ​បុក​ម៉ូតូ និង​ប្រជាពលរដ្ឋ បណ្តាល​ឲ្យ​កិន​ម៉ូតូ​រង​ការ​ខូចខាត​ចំនួន​២​គ្រឿង​ និង​បុរស​ម្នាក់​រង​របួសធ្ងន់។ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​បើក​ចេញពី​កន្លែង​កើតហេតុ​បាត់​។

បន្ទាប់​មក​មាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​មក​ដល់​កន្លែង​កើតហេតុ ហើយ​បាន​ទាក់ទង​ទៅ​ថៅកែ​ខាងលើ​ដើម្បី​ឲ្យមក​សម្របសម្រួល​គ្នា​នៅ​កន្លែង​កើតហេតុ​។ ចំណែក​ភាគី​អ្នកបើកបរ​រថយន្ត​បង្ក​ខាងលើ​ពេល​អ្នក​សារ​ព័ត៌មាន​សាកសួរ មិន​បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន និង​មិន​ចង់ឲ្យគេថតខ្លួន​​ទៀត​ផង​ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ទាក់ទង​ទៅ​កម្លាំង​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​មក​កន្លែង​កើតហេតុ​ ចុះ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​ទាំង​២​គ្រឿង​ដែល​រង​ការ​ខូចខាត ព្រមទាំង​អ្នកបើកបរ​រថយន្ត​បង្ក​ខាងលើ​នាំ​យក​ទៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

មតិយោបល់