ភ្នំពេញៈ បុរសពីរនាក់ ជិះម៉ូតូឌុបគ្នាក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុកថយន្តលុចស៊ី RX300មួយគ្រឿង ដែលបានបើកបត់ត្រឡប់ក្រោយ ខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យរងការខូចខាត កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខឃ្លោងទ្វាររាជបណ្ឌិត្យសភាកម្ពុជា ស្ថិតតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជាជនជាតិចិនម្នាក់ បានបើកបររថយន្តមួយគ្រឿង ម៉ាកលុចស៊ីសRX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AT-6871 ធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច។
មកដល់ចំណុចកើតហេតុរថយន្តខាងលើ បានបត់ឆ្វេងត្រឡប់ទៅខាងក្រោយវិញ ខ្វះការប្រុងប្រយ័ត្ន ខណៈដែលបត់ឆ្លងបានពាក់កណ្ដាលផ្លូវ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GY-7372 បើកបរដោយបុរសពីរនាក់ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ជាមួយល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុកនឹងរថយន្ត ដែលបត់ឆ្លងផ្លូវខាងលើចំទ្វារខាងក្រោយចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យក្រពឹតនិងបែកកញ្ចក់។ ចំណែកឯម៉ូតូបានរងការខូចខាតវៀចក និងបែកកាបាំង ហើយអ្នកបើកបរម៉ូតូម្នាក់ រងរបួសបែកក្បាល និងម្នាក់ទៀតរងរបួសថ្លោះកជើងខាងស្តាំ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានចុះមកជួយសម្របសម្រួល ភាគីទាំងពីរចរចាដោះស្រាយគ្នា ដោយមិនចង់មានរឿងរ៉ាវវែងឆ្ងាយ ភាគីខាងរថយន្ត ក៏ចេញសំណងចំនួន៥៥០ដុល្លារ ឲ្យទៅភាគីខាងម៉ូតូ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
មតិយោបល់