ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល អះអាងថា បានដឹងពីគោលដៅមីស៊ីលផ្លោងអ៊ីរ៉ង់ ដែលដាក់ពង្រាយនៅអ៊ីរ៉ាក់

អ៊ីរ៉ង់: រដ្ឋាភិបាលក្រុងតេអេរ៉ង់ បានចេញមុខច្រានចោលភ្លាមៗ នូវរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលរាយការណ៍ថា ខ្លួនកំពុងបញ្ជូនមីស៊ីលផ្លោងរយ:ចម្ងាយខ្លី និងបច្ចេកវិទ្យាពាក់ព័ន្ធមួយចំនួន ទៅកាន់កងជីវពលស៊ីអ៊ីតនៅអ៊ីរ៉ាក់ ដោយហៅការអះអាងនេះថា ជារឿងមិនពិត និងគួរឲ្យអស់សំណើច។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Avigdor Lieberman បាននិយាយថា អ៊ីស្រាអ៊ែល នឹងមិនអាចឈប់ ឬកំណត់ដែនសកម្មភាពខ្លួន ទៅលើប្រទេសស៊ីរីបានទ្បើយ បើសិនជាខ្លួនបរាជ័យ ក្នុងការដោះស្រាយរឿងគំរាមកំហែងនៅក្នុងតំបន់ ជាមួយអ៊ីរ៉ង់នោះ។

ដោយលោក Lieberman បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងយេរូសាឡិម កាលពីថ្ងៃច័ន្ទថា៖ «យើងកំពុងត្រួតពិនិត្យអ្វីៗ គ្រប់យ៉ាងដែលកំពុងកើតមាន នៅក្នុងប្រទេសស៊ីរី និងការគំរាមកំហែងរបស់អ៊ីរ៉ង់»។

ក្នុងនោះលោក Lieberman បានបន្ថែមថា៖ «យើងនឹងធ្វើការដោះស្រាយបញ្ហាគំរាមកំហែងណាមួយរបស់អ៊ីរ៉ង់ មិនថាវាមកពីណាទេ … អ៊ីស្រាអែលនឹងធ្វើសកម្មភាព ដើម្បីរក្សាសេរីភាព»។

កាលពីថ្ងៃអាទិត្យក្រសួងការបរទេសអ៊ីរ៉ាក់ បាននិយាយថា ខ្លួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមុនៗ អំពីចលនាមីស៊ីលរបស់អ៊ីរ៉ាក់ ដែលបានចោទប្រកាន់មកលើអ៊ីរ៉ង់ ដោយក្រសួងបានសង្កត់ធ្ងន់ថា ការអះអាងនេះ គឺគ្មានមូលដ្ឋានភស្តុតាង ច្បាស់លាស់ទាល់តែសោះ៕

មតិយោបល់