ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ថៃ នរៈសត្យា បានលើកឡើងថា លោកស្រីរដ្ឋមន្ត្រី ព្រមទទួលយកញត្តិពីសិល្បករ ដើម្បីវែកមុខរកជនអនាមិកទម្លាយរូបស្រាត តារាចម្រៀង វ៉ាន់ នីឡា និងជំរុញបណ្តឹង វ៉ាន់ នីឡា ទៅកាន់ក្រសួងមហាផ្ទៃ ហើយក៏សូមឲ្យតារាចម្រៀង វ៉ាន់ នីឡា កុំគិតខ្លី។
នៅក្នុងជំនួបជាមួយក្រុមអ្នកសិល្បៈ នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែម្តង លោក ថៃ នរៈសត្យា បានពាំនាំសម្តីរបស់លោកស្រី ភឿង សកុណា ឲ្យដឹងថា លោកស្រីពិតជាសប្បាយចិត្តណាស់ ដែលឃើញសិល្បករទាំងអស់ ចេះរួមគ្នាជាធ្លុងមួយ ចេះជួយគ្នានៅកាលៈទេសៈ ដែលកើតឡើង ហើយបន្តឲ្យអ្នកសិល្បៈធ្វើកិច្ចការល្អនេះ។
លោក ថៃ នរៈសត្យា ថា «ក្នុងនាមយើងជាសាធារណៈបុគ្គល ឬមនុស្សទូទៅ មិនមែនមានរឿងតែប៉ុណ្ណោះទេ យើងនៅមានរឿងវែងឆ្ងាយតទៅទៀត ត្រូវដោះស្រាយក្នុងបញ្ហាជីវិត ចឹងយើងមានរឿងប៉ុណ្ណឹង យើងគិតខ្លី ដោយបញ្ចប់ជីវិតអ៊ីចឹងទេ ឲ្យតែជីវិតរស់ គឺប្រឈមនឹងបញ្ហាសព្វគ្រប់ហើយ»។
ទន្ទឹមជាមួយនឹងការផ្តលដំបូន្មានពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាឪពុកម្ដាយនោះ វ៉ាន់ នីឡា បានរំពឹងយ៉ាងមុតមាំថា ច្បាប់នឹងអាចចាត់វិធានការទៅលើជនសង្ស័យ ដែលបានបង្ហោះរូបអាក្រាតរបស់នាងក្នុងពេលឆាប់ៗខាងមុខ៕
មតិយោបល់