ភ្នំពេញៈ ខណៈដែលជាប់រវល់ច្រៀងឆ្លងដែន នៅលើទឹកដីអូស្ត្រាលី តារាចម្រៀង រស់ ម៉ូនីកា បានធ្វើការអះអាងប្រាប់ Post News នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ តាមរយៈសារអេឡិចត្រូនិក ឲ្យដឹងថា នាងជាអ្នកសិល្បៈមានបេះដូង ចូលរួមចំណែកធ្វើសប្បុរសធម៌ គ្រប់ទីកន្លែង ។
តារាចម្រៀងរស់ ម៉ូនីកា ដែលកំពុងជាប់មន្ទិលនៅឡើយពាក់ព័ន្ធករណី ស្រឡាញ់ភេទដូចគ្នានោះ ក៏ប៉ុន្តែលើបញ្ហានេះ នាងសូមមិនធ្វើការបកស្រាយរឿងស្នេហាឡើយ ។ តារាចម្រៀងសាច់សដូចបណ្តូលចេក មុខមានមន្តស្នេហ៍ ដែលប្រុសជាច្រើនកំពុងសូមស្នេហ៍ និងចេញមុខបដិសេធមិនទទួលយកស្នេហ៍បុរសនោះ បានបង្ហាញពីអារម្មណ៍របសខ្លួនថា នាងចូលចិត្តធ្វើសប្បុរសធម៌ខ្លាំងណាស់ ។
រស់ ម៉ូនីកា ថា «ខ្ញុំចូលចិត្តធ្វើសប្បុរសធម៌ ទោះតិចក្តីច្រើនក្តី ក៏ចូលរួមដែរ និយាយទៅតាមលទ្ធភាព ហើយក៏សូមផ្តាំទៅបងៗ សិល្បករ ទាំងអស់ បើមានកម្មវិធីសប្បុរសធម៌ កុំភ្លេចប្រាប់នាងផង»។ ម្យ៉ាងវិញទៀត ការធ្វើសប្បុរសធម៌ ចូលរួមកិច្ចការសង្គមនេះ គឺអ្វីដែលនាងចង់ ដើម្បីសន្សំបុណ្យសន្សំផល ទុកសម្រាប់ជាតិនេះ និងជាតិក្រោយ។ នេះគឺសម្តី រស់ ម៉ូនីកា បន្ថែម។
សូមបញ្ជាក់ផងដែរថា រស់ ម៉ូនីកា នឹងវិលមកកាន់កម្ពុជាវិញ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ៕
មតិយោបល់