ភ្នំពេញៈ យុវជនម្នាក់បានរងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ខណៈកំពុងជិះម៉ូតូឌុបគ្នាតាមដងផ្លូវ ត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកបុកពីក្រោយពេញទំហឹង រួចបើកត្រឡប់ក្រោយរត់គេចខ្លួនបាត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខមន្ទីរពេទ្យលោកសង្ឃ តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញយុវជន២នាក់ ជិះម៉ូតូធំមួយគ្រឿង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1GS-9009 បើកបរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏រថយន្តមួយគ្រឿងមិនចាំម៉ាកបើកស្របទិសដៅគ្នាមកពីក្រោយបុកពេញទំហឹង បណ្តាលឲ្យជនរងគ្រោះដួលបោកនឹងថ្នល់រងរបួសធ្ងន់ម្នាក់ និងម្នាក់ទៀតរងរបួសស្រាល។ ចំណែករថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើកត្រឡប់ក្រោយរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានប្រជាពលរដ្ឋជួយបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យលោកសង្ឃ។ ចំណែកម៉ូតូយកទៅផ្ញើនៅក្នុងមន្ទីរពេទ្យផងដែរ៕
មតិយោបល់