ព័ត៌មានជាតិ

លួចគេបានវាគ្រាន់ ពេលគេទាន់​ជាប់ខ្នោះ…!

ភ្នំពេញៈ លោកអនុសេនីយ៍ឯក ម៉ៅ សាវឿន ​មេប៉ុស្តិ៍សង្កាត់ស្ទឹងមានជ័យទី១ បានប្រាប់Post News ថា​ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ មានករណីលួចម៉ូតូ នៅមុខផ្សារស្ទឹងមានជ័យចាស់ ផ្លូវលេខ២១៧ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ សុខ ជា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះមានឈ្មោះ ហ៊ី ផល្លា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរលក់ទឹកកក ស្នាក់នៅផ្ទះជួល ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៤ បិតតែមស៊េរី២០០៥ អូសរ៉ឺម៉កខាងលើ មកផ្ញើឈ្មោះ ហេង ហៀង ជាអ្នកទទួលផ្ញើម៉ូតូនៅមុខផ្សារស្ទឹងមានជ័យចាស់ រួចក៏ចូលទៅក្នុងផ្សារទិញម្ហូប ដោយចងកូនសោម៉ូតូជាប់នៅនឹងម៉ូតូមិនបានយកទៅតាមខ្លួន។ លុះរហូតដល់ម៉ោងកើតហេតុ ស្រាប់តែមានជនសង្ស័យបានធ្វើសកម្មភាពលួចយកម៉ូតូជនរងគ្រោះបម្រុងជិះគេចខ្លួន ក៏ត្រូវបានអ្នកទទួលផ្ញើម៉ូតូឃើញទាន់ស្រែកឆោឡោ ពេលនោះក៏ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ១ធ្វើការឃាត់ខ្លួនយកមកស្នាក់ការប៉ុស្តិ៍ធ្វើការសាកសួរតែម្តង។

បន្ទាប់មកជនរងគ្រោះដាក់ពាក្យចាត់ការតាមផ្លូវច្បាប់ផងដែរ៕

មតិយោបល់