ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានប្រជាពលរដ្ឋចាប់វាយឡើងទ្រោមខ្លួន រួចប្រគល់ជូនសមត្ថកិច្ច ក្រោយពីពួកគេ បានជិះមូតូមួយគ្រឿង មកធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្តភ្ញៀវ ចូលមកផឹកស៊ីក្នុងហាងបានសម្រេច។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨-៤០នាទីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភោជនីយដ្ឋាន វិចិត្រសម្បត្តិ តាមបណ្តោយផ្លូវ២១៥ កែងនិងផ្លូវ១៥០ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
ជនសង្ស័យមានឈ្មោះ សួន វិចិត្រ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងបាញ់ថ្នាំរថយន្ត ស្នាក់នៅសង្កាតមវត្តភ្នំ ខណ្ឌដូនពេញ មានស្រុកកំណើតនៅខេត្តព្រៃវែង។ ចំណែកបក្ខពួកម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់។
តាមប្រភពពីបុរសម្នាក់ ជាអ្នកយាមនៅភោជនីយដ្ឋាន បានប្រាប់ឲ្យដឹងថា មុនកើតហេតុមានភ្លៀវបើករថយន្តTUNDRA មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AV-7758 បើកមកចតនៅចំណុចកើតហេតុខាងលើ ដើម្បីចូលទៅផឹកស៊ី ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក បានជិះមកឈប់ក្បែររថយន្ត រួចបានធ្វើសកម្មភាពកាច់ កញ្ចក់រថយន្តផ្នែកខាងឆ្វេងបានសម្រេច ហើយនាំគ្នាឡើងជិះគេចខ្លួន នៅពេលនោះគាត់បានឃើញ ក៏ស្រែកថាចោរៗ ត្រូវបានប្រជាពលរដ្ឋឃើញ ហេតុការនេះ បាននាំព័ទ្ធចាប់បានម្នាក់ វាយបែកមុខមាត់ រួចប្រគល់ជូនសមត្ថកិច្ចមូលដ្ឋាន ចំណែកបក្ខពួកម្នាក់ទៀត បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ច បញ្ជូនខ្លួនមកសួរនាំបន្តនៅប៉ុស្តិ៍នគរបាលសង្កាត់វាលវង់ ដើម្បីធ្វើកំណត់ហេតុបញ្ជូន ទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕
មតិយោបល់