ព័ត៌មានជាតិ

​ចូលផ្សារទិញអីវ៉ាន់! ត្រូវចោរដាក់ថ្នាំយកគ្រឿងអលង្ការអស់…!

ភ្នំពេញៈ ស្ត្រីម្នាក់បានសន្លប់ស្តូកស្តឹងត្រូវបានគេដឹកតាមម៉ូតូយកទៅសង្គ្រោះនៅគ្លីនិកមួយកន្លែង បន្ទាប់ពីជនរងគ្រោះចូលផ្សារច្រាំងចំរេះ(ហៅផ្សារគីឡូម៉ែត្រលេខ៧)ទិញអីវ៉ាន់ហើយត្រូវចោរដាក់ថ្នាំសណ្តំយកគ្រឿងអលង្ការនិងលុយមួយចំនួន។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងផ្សារច្រាំងចំរេះ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​​។

ជនរងគ្រោះមានឈ្មោះ ធី ហឿង ភេទស្រី អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះលេខ២៧ ក្រុម៤ ភូមិ៥ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ទ្រព្យសម្បត្តិដែលក្រុមចោរដាក់ថ្នាំយកទៅអស់នោះមានកងដៃផ្លាកទីនមួយឈុតនិងលុយមួយចំនួន។

​បច្ចុប្បន្ន ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅក្នុងគ្លីនិកមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះទី១ នៅជិតព្រះវិហាខ្មែរឥស្លាមគីឡូម៉ែត្រលេខ៩៕

មតិយោបល់