ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌទួលគោក ធ្វើការចាប់ខ្លួន បន្ទាប់ពីត្រួតពិនិត្យរកឃើញថ្នាំញៀនចំនួន៧កញ្ចប់តូចនៅជាប់នឹងខ្លួនរបស់ជនសង្ស័យ ។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៩និង៤៥នាទីយប់ថ្ងៃទី ២៧ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវរថភ្លើង ក្រុម៤៥ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានមានឈ្មោះព្រំ វាសនា ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់បឹងកក់ សង្កាត់ស្រះចកខណ្ឌដូនពេញ ។ ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមានក្រាមពណ៌សថ្លាចំនួន០៧ថង់តូច,ពិលសម្រាប់ចុចជាសញ្ញាក្នុងការជួញដូរគ្រឿងញៀនចំនួន០១ ។
មុននឹងឈានដល់ការចាប់ខ្លួនជនសង្ស័យខាងលើ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌទួលគោក បានដឹកនាំកម្លាំងចុះធ្វើការល្បាតក្នុងភូមិសាស្ត្រ លុះបានមកដល់ចំណុចកើតហេតុ ក៏ប្រទះឃើញជនសង្ស័យកំពុងឈរនៅតាមបណ្តោយផ្លូវរថភ្លើង ដោយមានការសង្ស័យសមត្ថកិច្ចបានឃាត់ឲ្យឈប់ដើម្បីត្រួតពិនិត្យ ស្រាប់តែរកឃើញថ្នាំញៀន៧កញ្ចប់តូចនៅជាប់នឹងខ្លួនរបស់ជនសង្ស័យទើបសមត្ថកិច្ចសម្រេចធ្វើការចាប់ឃាត់ខ្លួនតែម្តង ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកកាន់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ ឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់