Post News Media ព័ត៌មានជាតិ លម្អិត! រថយន្...

លម្អិត! រថយន្តស៊េរីទំនើបស្លាកលេខ ភ្នំពេញ 2AJ-7777 បុកគម្របលូ ផ្អើលទាំងកណ្តាលថ្ងៃត្រង់

ភ្នំពេញ: រថយន្តស៊េរីទំនើបមួយគ្រឿង បើកជ្រុលទៅបុកគម្របលូបណ្តាលឲ្យរថយន្ត រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវ៥៩៨ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

រថយន្តស៊េរីទំនើបខាងលើ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AJ-7777 បើកដោយបុរសម្នាក់មិនត្រូវបានស្គាល់ឈ្មោះនោះទេ។

ប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តខាងលើបើកដោយបុរសម្នាក់បានបើកតាមបណ្តោយផ្លូវ៥៩៨ ទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចកើតហេតុ បានរេចង្កូតទៅឆ្វេងដៃ បន្តិចភ្លាមៗនោះរថយន្តបានរេមកស្តាំដៃក៏ជ្រុលទៅបុកគម្របលូដែលនៅអែបចិញ្ចើមផ្លូវបណ្តាលឲ្យរថយន្តទៅមុខលែងរួចតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍និងសមត្ថកិច្ចជំនាញក្រុងបានមកដល់កន្លែងកើតហេតុពិនិត្យមើលដោយរថយន្តខាងលើមិនបង្កឲ្យខូចខាតទ្រព្យសម្បត្តិរដ្ឋ ប៉ះពាល់តែសម្បត្តិឯកជន ក៏ឲ្យភាគីខាងថយន្តដោះស្រាយជាមួយតំណាងម្ចាស់គម្របលូដើម្បីបញ្ចប់រឿងតែម្តង៕